នៅកំឡុងចុងខែដប់នេះ សាលាខ្ញុំតែងតែប្រារព្ធធ្វើបុណ្យវប្បធម៌(Culture Festival)ជារៀងរាល់២ឆ្នាំម្តង គឺធ្វើឆ្លាស់គ្នាជាមួយនឹងបុណ្យកីឡា(Sport Festival)។ តាមការពិតនៅសាលារបស់ខ្ញុំ បុណ្យវប្បធម៌ប្រចាំសាលានេះ ត្រូវបានគេហៅឈ្មោះវាដោយឡែកថា 工華際 (Koukasaiកូកាសៃ) អត់ដឹងថាត្រូវបកប្រែថាម៉េចទេ ចឹងសុំហៅវាថា “កូកាសៃ” អ៊ីចឹងចុះ។ កូកាសៃលើកនេះ(កូកាសៃលើកទី១៨) គឺនឹងត្រូវធ្វើឡើងនៅថ្ងៃ២៩និង៣០ចុងខែនេះឯង។ រយៈពេល២ថ្ងៃមុនកូកាសៃគឺជាថ្ងៃរៀបចំ និង១ថ្ងៃក្រោយកូកាសៃគឺជាថ្ងៃបោសសំអាត។ អ្វីៗគឺសិស្សតាមថ្នាក់នីមួយៗជាអ្នករៀបចំចាត់ចែងដោយខ្លួនឯង ដោយឡែកថវិកាសំរាប់រៀបចំគឺសាលាជាអោយខ្ចី ហើយចំនូលដែលរកបានក្នុងកំឡុងកូកាសៃនេះត្រូវរៀបចំចាត់ចែងសងទៅកាន់សាលាវិញ។
និយាយពីថ្នាក់របស់ខ្ញុំវិញ ពួកយើងបានគ្រោងរៀបចំធ្វើ៣មុខក្នុងកំឡុងកូកាសៃនេះ គឺប៊ូលីងធ្វើពីស៊ីម៉ង់ គប់ព្រួញ និងលក់ភេសជ្ជៈ។ ចំនែករង្វាន់ដែលត្រៀមសំរាប់ផ្តល់ជូនដល់អ្នកដែលចូលមកលេងប៊ូលីង ឬគប់ព្រួញ គឺប្រមូលពីសមាជិកគ្រប់ៗគ្នាក្នុងថ្នាក់។ របស់ដែលប្រមូលមកនេះគេហៅថា 景品 (Free Gift) គឺមិនប្រកាន់ថាជាអ្វីទេ ចាស់ក៏ដោយថ្មីក៏ដោយ ឬជារបស់ដែលមិនប្រើប្រាស់ទុកចោលនៅផ្ទះជាដើម។
តាមពិតទៅសិស្សបរទេសក៏ត្រូវបានគេរៀបចំអោយមានជាស្តង់មួយនឹងគេដែរ។ ដូច្នេះខ្ញុំមិនសូវបានចូលរួមសកម្មភាពនៅក្នុងថ្នាក់ប៉ុន្មានទេ។ សិស្សបរទេសនៅសាលាខ្ញុំនេះ សរុបទៅគឺមានចំនួន១៣នាក់ (ម៉ាលេស៊ី ៧នាក់ ម៉ុងហ្គោល ២នាក់ ឥណ្ឌូនេស៊ី ១នាក់ វៀតណាម ១នាក់ ឡាវ ១នាក់ និងខ្មែរខ្ញុំ១នាក់)។ សំរាប់សិស្សបរទេសគឺគ្មានអី្វក្រៅពីធ្វើម្ហូបតាមប្រទេសនីមួយៗដើម្បីដាក់លក់នោះទេ។ លើកនេះពួកយើងសំរេចធ្វើចំនួន៥មុខ ក្នុងនោះមានបង្អែមម៉ាលេ១មុខ វៀតណាម១(តែអ្នកធ្វើជាជនជាតិម៉ាលេ ហិហិ) ឡាវ១ ឥណ្ឌូ១ និងខ្ញុំធ្វើ១នឹងគេដែរគឺបបរល្ពៅ។
និយាយពីសកម្មភាពមួយថ្ងៃនេះ ខ្ញុំបានចំនាយពេល១ព្រឹកដើម្បីជួយរៀបចំអីៗមួយចំនួនជាមួយមិត្តរួមថ្នាក់។ និយាយដល់ត្រឹមនេះ ខ្ញុំពិតជាសុំសរសើរពួកសិស្សជប៉ុនណាស់។ មិនមែនជាការអួតសរសើរលើកបញ្ជោរពួកជប៉ុនទេ តែជាក់ស្តែងគឺមើលឃើញអ៊ីចឹង គឺជាអ្វីដែលយើងគួរតែរៀនពីពួកគេ។ បើគិតពីអាយុពួកគេគឺត្រឹមតែ១៨ឆ្នាំប៉ុណ្ណោះ តែការងាររៀបចំចាត់ចែងវិញគឺខ្ញុំសុំចាញ់ហើយ។ ចំនែកការងារវិញគឺមើលមើលទៅធ្វើបានរលូនល្អណាស់ (នេះគឺមកពីម្នាក់ៗមិនបញ្ចាំគ្នា ហើយហ្មត់ចត់ជាមួយនឹងការងារ)។ អ្នកខ្លះរៀនអីមិនសូវពូកែទេ តែមើលការងារធ្វើវិញគឺផ្ទុយស្រលះ។ សរសើរតែប៉ុននឹងបានហើយកុំអោយពួកវាបានចិត្ត ហិហិ
។ និយាយចូលមករឿងកិច្ចការដែលខ្ញុំបានធ្វើវិញ នៅពេលថ្ងៃ ខ្ញុំបានចំនាយពេលជាមួយសិស្សបរទេសធ្វើកិច្ចការមួយចំនួន ដូចជាទៅទិញគ្រឿងសំរាប់ធ្វើបង្អែម រៀបចំតំលើងស្តង់ និងតុបតែងស្តង់។ មួយថ្ងៃនេះហត់គ្រាន់បើតែមិនទាន់ហើយទេ ស្អែកនឹងបន្តធ្វើទៀត។ មានថតរូបមកដែរ ទុកចែកបងប្អូន WordPress មើលកំសាន្ត
Free Gifts ពីសមាជិកក្នុងថ្នាក់


មួយផ្អែកនៃកន្លែងរៀបចំ(បិតផ្លាកអក្សរ)

គ្រូប្រចាំថ្នាក់ខ្ញុំកំពុងគប់ព្រួញសាកល្បង

ស្តង់របស់សិស្សបរទេស

ត្រលប់មកពីទិញឥវ៉ាន់

ពេលយប់ទៅញ៉ាំShusiជុំគ្នាជាមួយសិស្សបរទេស

ចុងក្រោយជាផ្ទាំងPosterកូកាសៃលើកទី១៨

Like this:
Be the first to like this អត្ថបទ.
មតិថ្មីៗ