នាយក​រដ្ឋ​មន្រី្ត​ជប៉ុន​ណូដា​ថ្លែង​សុំទោស​ទៅ​កាន់​ប្រជាជន​កោះ​អូគីណាវ៉ា

2 12 2011

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ នាយក​រដ្ឋ​មន្រី្ត​​នៃ​ប្រទេស​​ជប៉ុន​ណូដា បាន​ថ្លែង​ជា​សាធារណៈ​ ធ្វើ​ការ​សុំទោស​ទៅ​កាន់​ប្រជាជន​នៃ​កោះ​អូគីណាវ៉ា ជុំវិញ​បញ្ហា​ដែល​ ប្រធាន​ការិយាល័យ​ការពារ​ជាតិ​នៃ​កោះ​អូគីណាវ៉ា លោក​ Satoshi Tanaka បាន​ប្រើ​ប្រាស់​ពាក្យ​សំដី​មិន​សមរម្យ​ទៅ​កាន់​ប្រជាជន​នៃ​កោះ​អូគីណាវ៉ា។ ឆ្លើយ​តប​នឹង​សំនួរ​ដែល​ថា​ តើ​ពេល​ណា​ដែល​ក្រសួង​នឹង​ធ្វើ​ការ​ដាក់​ស្នើ​នូវ​របាយ​ការណ៍​ ដែល​ទាក់​ទិន​នឹង​ការ​ប៉ាន់​ប្រមាណ​នៃ​ផល​ប៉ះ​ពាល់​ទៅ​លើ​បរិស្ថាន​នៅ​កោះ​អូគីណាវ៉ា (ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទីតាំង​មូល​ដ្ឋាន​ទ័ព​អាមេរិក​នៅ​កោះ​អូគីណាវ៉ា) លោក Satoshi Tanaka បាន​ឆ្លើយ​ថា “តើ​មុន​ពេល​ដែល​អ្នក​ធ្វើ​ការ​រំលោភ​អ្នក​ណា​ម្នាក់ តើ​អ្នក​ចាំ​បាច់​ត្រូវ​ប្រាប់​អ្នក​នោះ​មុន​ទេ?”

ពេល​​នេះ​លោក Satoshi Tanaka ត្រូវ​បាន​បណ្តេញ​ពី​​​មុខ​តំនែង​ហើយ។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថា “ខ្ញុំសូម​ធ្វើ​ការ​សុំ​ទោស​អស់​ពី​ចិត្ត ចំពោះ​ពាក្យ​សំដី​ដែល​ធ្វើ​អោយ​ប្រជាជន​នៃ​កោះ​អូគីណាវ៉ា មាន​ការ​ឈឺ​ចាប់។”

ធ្វើ​ខុស​ចេះ​សុំ​ទោស មិន​ថា​អ្នក​ធំ​ឬ​អ្នក​តូច មិន​ប្រកាន់​ថា​ខ្លួន​មាន​ឋានៈ​ខ្ពស់​ឬ​ទាប ក្មេង​ឬ​ចាស់ គឺ​ជា​រឿង​មួយ​ដែល​អ្នក​មិន​អាច​នឹង​មិន​កោត​សរសើរ​ និង​ស្រលាញ់​ប្រទេស​មួយ​នេះ​បាន​ទេ។





ល្ខោន​​នយោបាយ​​ជប៉ុន​​ផ្លាស់​​តួ​ តែ​​លេង​​រឿង​​ដដែល

3 09 2011

ពីRFI៖
ល្ខោន​នយោបាយ​ជប៉ុន​ផ្លាស់​តួ​ តែ​លេង​រឿង​ដដែល ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

ស្តាប់៖


អត្ថបទ៖
នៅ​ថ្ងៃ​សុក្រ​ទី​២​កញ្ញា​នេះ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុនYoshihiko Noda បាន​​ប្រកាស​​ឲ្យ​​ដឹង​នូវ​សមាស​ភាព​នៃ​​រដ្ឋា​ភិបាល​​របស់​​លោក។ នៅក្នុង​ជួរ​គណៈរដ្ឋមន្ត្រី​ថ្មី ឃើញ​មាន​ភាគច្រើន សុទ្ធ​តែ​ជា​មនុស្ស​ថ្មី និង​ពីរ​នាក់​​មាន​វ័យ​តែ​ជាង​៤០​ឆ្នាំ​ប៉ុណ្ណោះ។ ធ្វើ​បែប​នេះ លោក ណូដា ប្រហែលជា​ ចង់​បិទ​ទំព័រ​ចាស់​នៃ​អស្ថិរភាព​នយោបាយ។ ចូរ​កុំ​ភ្លេច​ថា តាំងពី​ឆ្នាំ​២០០៦ រហូត​មក​ទល់​ថ្ងៃ​នេះ ប្រទេស​ជប៉ុន បាន​ស្គាល់​នាយក​រដ្ឋមន្ត្រី​៥​នាក់​ហើយ។ លើក​ណា​ក៏​ដូច​លើក​ណា ម្នាក់ៗ​មាន​វាសនា ក្តាប់​អំណាច បាន​តែ​ជាង​មួយ​ឆ្នាំ យ៉ាង​យូរ។ តាម​ពិត​ទៅ បញ្ហា​សេដ្ឋកិច្ច គឺ​ជា​មូលហេតុ​ធំ​ជាង​គេ​បង្អស់ នៃ​អស្ថិរភាព​នយោបាយ​នៅ​ប្រទេស​ជប៉ុន។

កាល​ពី​ជាង​មួយ​ឆ្នាំ​មុន នៅ​ពេល​ឡើង​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន លោក​Naoto Kan បាន​ប្រកាស​ក្តែងៗ​ថា៖«ប្រទេស​ជប៉ុន​ត្រូវ​ឈប់​ដេក​យល់​សប្ត ត្រូវ​ហ៊ាន​បញ្ចប់​នយោបាយ​ចាស់​គំរឹល​ហួស​សម័យ និង​ត្រូវ​តែ​អនុវត្ត​យ៉ាង​ក្លាហាន នយោបាយ​ថ្មី​ដែល​មាន​មូលដ្ឋាន​ប្រាកដ​និយម»។ នៅ​ទី​បំផុត ប្រជាពលរដ្ឋ​ជប៉ុន​មិន​ព្រម​ទទួល​យក​ទេ​នយោបាយ​ប្រាកដ​និយម ដ្បិត​លោក​Naoto Kan ដែល​អប្រជាប្រិយ​ខ្លាំង បាន​បង្ខំ​ចិត្ត​លា​លែង​ចេញ​ពី​តំណែង កាល​ពី​ថ្ងៃ​ទី​២៦​សីហា។

លោក​Yoshihiko Noda នាយក​រដ្ឋមន្ត្រី​ថ្មី​ដែល​ទើប​តែ​បាន​បង្កើត​រដ្ឋាភិបាល​ថ្មី​ហើយ នៅ​ថ្ងៃ​សុក្រ​ទី​២​សីហា​នេះ ដឹង​ខ្លួន​មុន​ជា​ស្រេច​ថា ចៀស​មិន​រួច​ពី​បន្ត​អនុវត្ត​នយោបាយ​បា្រកដ​និយម​របស់​លោក​Naoto Kan នោះ​គឺ​បង្កើន​ពន្ធដារ។ បង្កើន​ពន្ធដារ ដើម្បី​យក​លុយ​មក​សាងសង់​ឡើង​វិញ​តំបន់​ប៉ែក​ឦសាន​នៃ​ប្រទេស ដែល​ត្រូវ​បាន​បំផ្លេចបំផ្លាញ​ដោយ​ការ​រញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណាមី។ បង្កើន​ពន្ធដារ ដើម្បី​កាត់​បន្ថយ​បំណុល​សាធារណៈ​ច្រើន​វ័ណ្ត​ក គឺ​ប្រមាណ​២៣០%​នៃ​ផលិតផល​ដុល​ក្នុង​ស្រុក។ និយាយ​បែប​ផ្សេង នៅ​លើ​ឆាក​ល្ខោន​នយោបាយ​ជប៉ុន តួឯក​និង​តួរង​ត្រូវ​បាន​ប្តូរ តែ​ត្រូវ​បន្ត​សម្តែង​រឿង​ដដែល។

បញ្ហា​រ៉ាំរ៉ៃ​ដដែល​និង​ច្រំ​ដែល​របស់​ប្រទេស​ជប៉ុន​គឺ នា​ពេល​ដែល​ថ្នាក់ដឹកនាំ​មាន​មហិច្ឆតា​កាន់​តែ​ធំ​ចង់​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​តំបន់​និង​នៅ​លើ​ឆាក​អន្តរជាតិ និង​នា​ពេល​ដែល​ប្រទេស​ត្រូវ​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​ជាតិ នៅ​ចំពោះ​មុខ​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ពី​ចិន​និង​ពី​កូរ៉េ​ខាង​ជើង ស្រាប់​តែ​មធ្យោបាយ​សេដ្ឋកិច្ច​នៃ​ប្រទេស​ខ្សត់ខ្សោយ​ទៅ​ជា​លំដាប់ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

មែន​ទែន​ទៅ សេដ្ឋកិច្ច​ជប៉ុន​នៅ​ទ្រឹង​មួយ​កន្លែង​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ។ បញ្ហា​សេដ្ឋកិច្ច​នៅ​ទ្រឹង​មួយ​កន្លែង​នេះ មាន​លក្ខណៈ​កាន់​តែ​ធ្ងន់ធ្ងរ តាំង​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​សកលកាល​ជាង​២​ឆ្នាំ​មុន​នេះ​មក។ សេដ្ឋកិច្ច​ជប៉ុន​បាន​ដើរ​ថយ​ក្រោយ​ពេញ​មួយ​ឆ្នាំ​២០០៨ បាន​ផ្តើម​ងើប​ក្បាល​ឡើង​វិញ​នៅ​ឆ្នាំ​២០០៩-២០១០ ហើយ​ស្រាប់​តែ​ត្រូវ​បាន​យាយី​ដោយ​ការ​រញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណាមី នៅ​ឆ្នាំ​២០១១​នេះ​ទៀត។
នៅ​ក្នុង​បរិបទ​បែប​នេះ ពលរដ្ឋ​ជប៉ុន​ជា​ទូទៅ​បាត់​បង់​ទំនុក​ចិត្ត​នៅ​ចំពោះ​មុខ​អនាគតកាល។

ទាំង​ពលរដ្ឋ ទាំង​ថ្នាក់ដឹកនាំ​ដឹង​ថា ស្ថានភាព​សេដ្ឋកិច្ច​ជាតិ​មិន​អាច​ល្អ​ប្រសើ​វិញ ក្នុង​រយៈ​កាល​ខ្លី និង​ក្នុង​រយៈ​កាល​មធ្យម​បាន​ទេ។ ម្យ៉ាង គឺ​មក​ពី​ប្រជាជន​ជប៉ុន​មាន​ចំនួន​កាន់​តែ​តិច​ទៅ​ៗ និង​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​ៗ។ ម្យ៉ាង​ទៀត​គឺ​មក​ពី​បំណុល​សាធារណៈ​របស់​ជប៉ុន​ធំ​ណាស់ ច្រើន​ណាស់ គឺ​ប្រមាណ​មួយ​ពាន់​ម៉ឺន​លាន​ដុល្លារ។

ម្ល៉ោះ​ហើយ ការ​ដែល​ចិន​បាន​វ៉ា​ឈ្នះ​ជប៉ុន ដោយ​បាន​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​ពីរ គឺ​មិនមែន​ដោយសារ​តែ​សេដ្ឋកិច្ច​ចិន​ខ្លាំង​នោះ​ទេ តែ​ក៏​ដោយហេតុតែ​សេដ្ឋកិច្ច​ជប៉ុន​ខ្លួន​ឯង​ខ្សោយ​ដែរ។

យ៉ាង​ណា​ក៏​ដោយ ប្រជាជន​ជប៉ុន​ជា​ពូជ​អ្នក​ស៊ូ ស្វិតស្វាញ​ក្នុង​ការងារ ធ្លាប់​បាន​បង្ហាញ​ក្នុង​អតីតកាល នូវ​សមត្ថភាព​ខ្ពស់​របស់​ខ្លួន​ក្នុង​ការ​លោត​ហក់​ចេញ​រួច​ពី​ជ្រោះ​នៃ​វិបត្តិ។ អ្វី​ដែល​ពលរដ្ឋ​ត្រូវ​ការ​គឺ​នាយក​រដ្ឋមន្រ្តី​មួយ​រូប​ដែល​មាន​បុគ្គលិកលក្ខណៈ​ខ្លាំង ចេះ​ធ្វើ​ឲ្យ​ប្រជាជាតិ​មាន​សុទិដ្ឋិនិយម​ឡើង​វិញ ចេះ​បង្ហាញ​ផ្លូវ​ដែល​ត្រូវ​ដើរ​ឆ្ពោះ​ទៅ​កាន់​វឌ្ឍនភាព។

តាម​រយៈ​ការ​តែងតាំង​ភាគ​ច្រើន​សុទ្ធ​តែ​មនុស្ស​ថ្មី ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី លោក​នាយករដ្ឋមន្ត្រី​Noda ប្រហែល​ជា​ចង់​បិទ​ទំព័រ​ចាស់​នៃ​ទុទិដ្ឋិនិយម និង​បើក​ទំព័រ​ថ្មី​នៃ​សុទិដ្ឋិនិយម។ ប៉ុន្តែ សួរ​ថា តើ​ការ​ផ្លាស់ប្តូរ​សមាសភាព​នៃ​គណៈរដ្ឋមន្ត្រី​បែប​នេះ​អាច​ជួយ​ឲ្យ​រដ្ឋាភិបាល​លោក​Nado មាន​អាយុ​វែង​ជាង​រដ្ឋាភិបាល​មុនៗ​ឬ​ទេ? ចម្លើយ​តប​នឹង​សំណួរ​នេះ អាច​នឹង​ធ្លាយ​ចេញ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕





Yoshihiko Noda ជន​ទី​៦២​ដែល​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​​ប្រទេស​ជប៉ុន

31 08 2011

អាយុ​៥៤​ឆ្នាំ មក​ពី​គណ​បក្ស​DPJ (Democratic Party of Japan) លោក Yoshihiko Noda ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​ទី​៦២​នៃ​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​ម៉ិញ​នេះ។

កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៩ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី​ក្នុង​គណ​បក្ស​DPJ ក្នុង​ជុំ​ទី​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​លោក Banri Kaieda (ដែល​មាន​លោក Ichiro Ozawa ជា​ខ្នង​បង្អែក​មាន​បក្ស​ពួក​ប្រមាណ​១៤០​នាក់​ក្នុង​ចំនោម​សមាជិក​DPJ​ ៣៩៥​នាក់) បាន​ទទួល​១៤៣​សំលេង ខណ​ដែល​លោក Yoshihiko Noda រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​ទទួល​បាន​១០២​សំលេង លោក Seiji Maehara អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បាន​៧៤​សំលេង លោក Michihiko Kano រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​និង​រុក្ខ​ប្រមាញ់​បាន​៥២​សំលេង លោក Sumio Mabuchi​ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​បាន​២៤​សំលេង។​ដោយ​សារ​តែ​គ្មាន​បេក្ខ​ភាព​ណា​ទទួល​បាន​សំលេង​គាំ​ទ្រ​លើស​ពី​៥០% ការ​បោះ​ឆ្នោត​ជុំ​ទី​២​ត្រូវ​បាន​ធ្វើ​ឡើង។​លទ្ធ​ផល​គឺ​លោក Yoshihiko Noda ទទួល​បាន​២១៥​ទល់​នឹង​១៧៧​សំលេង ដែល​កំនត់​បាន​ថា​លោក​ជា​បេក្ខ​ភាព​នាយក​រដ្ឋ​មន្ត្រី​សំរាប់​គណ​បក្ស​DPJ។

នា​ថ្ងៃ​អង្គារ​ម្សិល​ម៉ិញ​នេះ លោក Yoshihiko Noda បាន​ទទួល​សំលេង​គាំ​ទ្រ​៣០៨​ក្នុង​ចំនោម​៤៧៥ ក្នុង​ការ​បោះ​ឆ្នោត​សភា​ជាន់​ទាប​(គ្រប់​គ្រង​ដោយ​បក្ស​DPJ)។​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី​២​នៅ​សភា​ជាន់​ខ្ពស់​លោក​បាន​ឈ្នះ​យ៉ាង​ប្រផិត​ប្រផោយ​ ១១០​ទល់​នឹង​១០៧​សំលេង​របស់លោក Sadakazu Tanigaki ដែល​មក​ពី​គណ​បក្ស​LDP (Liberal Democratic Party)។

លោក Yoshihiko Noda នឹង​ត្រូវ​តែង​តាំង​ជា​ផ្លូវ​ការ​ពី​ព្រះ​ចៅ​អធិរាជ​ជប៉ុន​នា​សុក្រ​ទី​២​កញ្ញា​ខាង​មុខ​នេះ។

ការងារ​ចំបង​របស់​លោក​នៅ​ពេល​នេះ​គឺ​ដោះ​ស្រាយ​នូវ​វិបត្តិ​នានា​ដែល​បណ្តាល​មក​ពី​គ្រោះ​មហន្ត​រាយ​ថ្ងៃ​១១​មីនា​(ដែល​បរាជ័យ​ដោយ​លោក Naoto Kan) ការ​ដោះ​ស្រាយ​នូវ​វិបត្តិ​ប្រាក់​យ៉េន​ឡើង​ថ្ងៃ និង​ការ​បង្រួប​បង្រួម​ឡើង​វិញ​នូវ​ការ​បែក​ខ្ញែក​គ្នា​នៅ​ក្នុង​បក្ស​DPJ។

អតីត​​នាយក​រដ្ឋ​មន្ត្រី​ទាំង​៥​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ Jun’ichirō Koizumi លាលែង​កាល​ពី​ឆ្នាំ​២០០៦៖
ទី១៖ Shinzō Abe ២៦កញ្ញា២០០៦-២៦កញ្ញា២០០៧
ទី២៖ Yasuo Fukuda ២៦កញ្ញា២០០៧-២៤កញ្ញា២០០៨
ទី៣៖ Tarō Asō ២៤កញ្ញា២០០៨-១៦កញ្ញា២០០៩
ទី៤៖ Yukio Hatoyama ១៦កញ្ញា២០០៩-៨មិថុនា២០១០
ទី៥៖ Naoto Kan ៨មិថុនា២០១០-២កញ្ញា២០១១ខាងមុខនេះ

លោក Yoshihiko Noda

លោក Yoshihiko Noda អោនគោរពលោក Naoto Kan ខណៈពេលដែលលោក Naoto Kan មកអបអរការក្លាយជាមេដឹកនាំបក្សDPJ

ឆ្វេងទៅស្តាំ៖ Seiji Maehara, Sumio Mabuchi​, Banri Kaieda, Yoshihiko Noda, Michihiko Kano

អានផងដែរ៖
លោកនាយករដ្ឋមន្ត្រី​ជប៉ុន​ ណាអូតូ កាន ​បានប្រកាស​លាឈប់​ពីមុខ​តំណែង​
នាយករដ្ឋមន្រ្តី​ជប៉ុន​ថ្មី​ជំនាញ​ខាង​ហិរញ្ញវត្ថុ និង​ពន្ធអាករ
Noda voted in, starts key selections
Japan’s new leader: A snowball’s chance?
List of Prime Ministers of Japan





​អាថ៌​កំ​បាំង​កោះ​​ផ្កា​​ថ្ម​​Okinotorishima​

24 11 2010

Okinotorishima​(沖ノ鳥島)​គឺ​ជា​ប្រ​ភេទ​កោះ​ផ្កា​ថ្ម​(atoll)​ដែល​ជា​ប្រ​ភេទ​កោះ​ដែល​មាន​ទឹក​នៅ​កណ្តាល​និង​ព័ទ្ធ​ជុំ​វិញ​ដោយ​ផ្កា​ថ្ម។
ទី​តាំង​៖ ​ស្ថិត​នៅ​ចំងាយ​១៧៤០​គី​ឡូ​ម៉ែត្រ​ពី​ក្រុង​តូក្យូ​(Tokyo) ១១០០​គី​ឡូ​ម៉ែត្រ​ពី​កោះ​អូ​គិ​ណា​វ៉ា​(Okinawa) និង​៩១០​គី​ឡូ​ម៉ែត្រ​ពី​កោះ​Ogasawarachichijima​(小笠原父島)។

ទំ​ហំ​៖​​ កោះ​Okinotorishima​មាន​បណ្តោយ​ប្រវែង​៤.៥​គី​ឡូ​ម៉ែត្រ ទទឹង​១.៧​គី​ឡូ​ម៉ែត្រ ប​រិ​មាត្រ​១១​គី​ឡូ​ម៉ែត្រ និង​ក្រលា​ផ្ទៃ​ប្រ​ហែល​៥​គី​ឡូ​ម៉ែត្រ​ក្រលា។

កោះ​ផ្កា​ថ្ម​Okinotorishima​មាន​កូន​កោះ​(Islet)​ចំ​នួន​បី៖
ទី១៖ Higashikojima (東小島 = Eastern Islet)
ទី២៖ Kitakojima (北小島 = Northern Islet)
ទី៣៖ Minamikojima (南小島 = Southern Islet)
កូន​កោះ​Higashikojima​មាន​ទំ​ហំ​១.៥៨​ម៉ែត្រ​ក្រ​លា​និង​មាន​កំ​ពស់​០.៤​ម៉ែត្រ​ពី​កំ​ពស់​នីវ៉ូ​ទឹក​សមុទ្រ។​ចំ​នែក​កូន​កោះ​Kitakojima​មាន​ទំហំ​៧.៨៥​ម៉ែត្រ​ក្រ​លា​និង​មាន​កំ​ពស់​០.៦​ម៉ែត្រ​ពី​កំ​ពស់នីវ៉ូ​​ទឹក​សមុទ្រ។​កូន​កោះ​Minamikojima​(???)​។​ដោយ​សារ​តែ​ខ្លាច​បាត់​បោះ​នូវ​កោះ​ទាំង​បី​ខាង​លើ​នេះ​ជប៉ុន​ក៏​​បាន​ចាក់​​​បេ​​តុង​​ការ​​ពារ​​ដែល​មាន​​​ដែល​​មាន​​អង្កត់​​ផ្ចិត​​៦០​​ម៉ែត្រ​​(២៨២៧​​ម៉ែត្រ​​ក្រលា)​។

រូប​ភាព​កូន​កោះ​ទាំង​បី​និង​កន្លែង​យាម​ល្បាត​(កាល​ពី​មុន​​ជា​កន្លែង​សំ​រាប់​ផ្ទុក​សំ​ភារៈ​បណ្តោះ​អា​សន្ន​ដើម្បី​ធ្វើ​ការ​សាង​សង់​បេ​តុង​ការ​ពារ​កោះ​ទាំង​បី​នោះ)

កូន​កោះ​Higashikojima


កូន​កោះ​Kitakojima


កូន​កោះ​Higashikojima​នៅមុនពេលចាក់បេតុងការពារ

កូន​កោះ​Higashikojima​នៅពេលកំពុងសាងសង់បេតុងការពារ

កូន​កោះ​Higashikojima​ក្រោយពេលសាងសង់បេតុងការពារហើយ

សំនួរ៖ ហេតុ​អ្វី​បាន​ជា​ជប៉ុន​សុខ​ចិត្ត​ចំ​នាយ​លុយ​រាប់​លាន​ដុល្លា​(សរុប​ប្រ​ហែល​៦០០​លាន​ដុល្លា)​ដើម្បី​សាង​សង់​បេ​តុង​និង​ការ​ពារ​កោះ​ទាំង​អស់​នេះ?
ចំលើយ៖ គឺ​ដើម្បី​មាន​សិទ្ធិ​គ្រប់​គ្រង​ដែន​សមុទ្រ​ដែល​នៅ​ជុំ​វិញ​កោះ​នេះ។​តាម​ច្បាប់​អន្តរ​ជាតិ​គេ​នឹង​មាន​សិទ្ទិ​កាន់​កាប់​ដែន​សមុទ្រ​ជុំ​វិញ​កោះ​របស់​ខ្លួន​ក្នុង​រង្វង់​អង្កត់​ផ្ចិតប្រហែល​៣៧០​គី​ឡូ​ម៉ែត្រ​​(ប្រហែល៤០០០០០​គី​ឡូ​ម៉ែត្រ​ក្រលា???ឬ១០០០០០​គី​ឡូ​ម៉ែត្រ​ក្រលា???)។​​​នៅ​ជុំ​វិញ​កោះ​Okinotorishima​​នោះ​គឺ​ជា​ទី​សំបូរ​ទៅ​ដោយ​មច្ឆ​ជាតិ​និង​រ៉ែ​ប្រេង​កាត។
នៅ​ឆ្នាំ​២០០៤​ចិន​បាន​ប​ដិ​សេធ​លើ​សិទ្ធិ​គ្រប់​គ្រង​ដែន​សមុទ្រ​​របស់​ជប៉ុន​ដោយ​បាន​ចាត់​ទុក​កូន​កោះ​ទាំង​នោះ​ថា​ជា​ថ្ម។​ប៉ុន្តែ​បើ​​យោង​​ទៅ​​លើ​និយម​ន័យ​នៃ​កោះ​ ថ្ម​ទាំង​បី​ដុំ​នោះ​គឺ​ពិត​ជា​មាន​លក្ខណៈ​គ្រប់​គ្រាន់​អាច​អោយ​​គេ​ចាត់​ទុក​ថា​ជា​​កោះ​មែន​។ :D





ការ​លេច​ធ្លាយ​នូវ​វិដេអូ​ពី​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ទូក​នេសាទ​ចិន​និង​​កប៉ាល់​យាម​ល្បាត​ជប៉ុន

5 11 2010

កាលពី​ថ្ងៃ​ម្សិល​មិញ​នេះ​មាន​ការ​លេច​ធ្លាយ​នូវ​វិដេអូ​ស្តី​ពី​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ទូក​នេសាទ​ចិន​និង​កប៉ាល់​​យាម​ល្បាត​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​៧​កញ្ញា​តាម​គេហ​ទំព័រ​Youtube ដែល​ធ្វើ​អោយ​រឿង​រ៉ាវ​ដែល​ហាក់​ដួច​ជា​ស្ងប់​មួយ​រយៈ​ហើយ​នោះ ងាក​ទៅ​រក​ភាព​តាន​តឹង​វិញ​ជា​ថ្មី​ម្តង​ទៀត។​រឿង​រ៉ាវ​នេះ​បាន​ស្ងប់​ដោយ​សារ​តែ​មាន​ការ​ដោះ​លែង​វិញ​នូវ​មេ​បញ្ជាការ​ម្នាក់​របស់​ទូក​នេសាទ​ចិន​ឈ្មោះ​Zhan Qixiong និង​ការ​បិទ​បាំង​នូវ​វិដេអូ​ទាំង​នេះ​របស់​រដ្ឋា​ភិបាល​ជប៉ុន​ដើម្បី​រក្សា​ទំនាក់​ទំនង​របស់​ប្រទេស​ទាំង​ពីរ។

នៅក្នុង​វិដេអូ​នេះ​បង្ហាញ​ពី​ការ​ហាម​ឃាត់​របស់​​កប៉ាល់​​យាម​ល្បាត​ជប៉ុន​ទៅ​លើ​ទូក​នេសាទ​ចិន​ដែល​ចូល​មក​ដែន​ដី​ទឹក​(*)​នៃ​ប្រទេស​ខ្លួន និង​ការ​បុក​ពី​សំណាក់​ទូក​នេសាទ​ចិន​មក​លើ​​កប៉ាល់​យាម​ល្បាត​ជប៉ុន។

សំគាល់៖ (*)ដែនដីទឹកនេះគឺជាដែនដីទឹកនៃប្រជុំកោះSenkaku​(ប្រទេស​ចិន​ហៅ​ថា​ Diaoyu Islands) ដែល​សព្វ​ថ្ងៃ​ប្រទេស​ទាំង​ពីរ​នៅ​តែ​ប្រកាន់​ថា​ជា​របស់​ខ្លួន រៀងៗ​ខ្លួន។





កូនម្នាក់១៣០០០យ៉េន/ខែ

4 06 2010

ការ​ផ្តល់​ប្រាក់​ប្រចាំ​ខែ​សំរាប់​​​ក្មេង​ចាប់​​ពី​អនុ​វិទ្យាល័យ​ចុះ​ក្រោម​​(អាយុ​​ក្រោម​​១៥​ឆ្នាំ)​គឺ​ជា​គោល​ការណ៍​មួយ​របស់​គណបក្ស​DPJ​(Democratic Party of Japan)​ដែល​បាន​សន្សា​ចំពោះ​ប្រជាជន​នៅ​ក្នុង​យុទ្ធនាការណ៍​បោះឆ្នោត​កាល​ពី​ឆ្នាំ​ទៅ។​នៅ​ដើម​ខែ​នេះ​គោលការណ៍​នេះ​ត្រូវ​បាន​អនុវត្ត​សាក​ល្បង​នៅ​តំបន់​ចំនួន​៧​កន្លែង​គឺ​នៅ​ក្រុង​Asahi​នៃ​ខេត្ត​Toyama ភូមិ​Awashimaura​នៃ​ខេត្ត​Niigata​និងក្រុង​ចំនួន​ប្រាំ​ផ្សេង​ទៀត​នៃ​កោះ​Hokkaido។​ប្រាក់​ដែល​ប្រគល់​អោយ​នោះ​គឺ​មាន​ចំនួន​១៣០០០យ៉េន​(ប្រហែល​១៤០​ដុល្លា​អាមេរិក)​ក្នុង​មួយ​ខែ​(នឹង​ត្រូវ​ផ្តល់​អោយ​រហូត​ដល់​ពេល​ដែល​ក្មេង​នោះ​រៀន​ចប់​អនុ​វិទ្យាល័យ)។​គោល​នយោបាយ​នេះ​គឺ​ដើម្បី​ជួយ​ធ្វើ​អោយ​មាន​កំនើន​ប្រជាជន​ឡើង​វិញ​ខណៈ​ដែល​ប្រទេស​មួយ​នេះ​កំពុង​តែ​មាន​កំនើន​ប្រជាជន​អវិជ្ជមាន។​

អត្រាកំនើនប្រជាជនជប៉ុននៅឆ្នាំ២០០៦៖ +០.០១%
អត្រាកំនើនប្រជាជនជប៉ុននៅឆ្នាំ២០០៧៖ -០.០៩%
អត្រាកំនើនប្រជាជនជប៉ុននៅឆ្នាំ២០០៨៖ -០.១៣៩%
អត្រាកំនើនប្រជាជនជប៉ុននៅឆ្នាំ២០០៩៖ -០.១៩១%





នាយក​រដ្ឋមន្ត្រី​ជប៉ុន​លាលែង​ពី​តំណែង​ម្នាក់​ទៀត​ហើយ​

2 06 2010

បន្ទាប់ពីកាន់តំណែងបាន៨ខែមក​ នៅ​ថ្ងៃ​នេះ​Hatoyama​បាន​ប្រកាស​លា​លែង​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​ហើយ​…​ឥលូវ​ដូរ​នាយក​រដ្ឋ​មន្ត្រី​ដូច​ដូរ​ខោ​អាវ​ទៅ​ហើយ!!!
Who will be the next Prime Minister?








តាមដាន

Get every new post delivered to your Inbox.

Join 36 other followers