សំណួរ​-​ចម្លើយ​​ជុំវិញ​​វិបត្តិ​​នុយ​ក្លេ​អ៊ែរ​​នៅ​​ហ៊្វូគូ​ស្ហ៊ីម៉ា

22 03 2011

ពី RFI ដោយ សេង ឌីណា

ចាប់​តាំង​ពី​មាន​ការ​រញ្ជួយ​ដី​​ដ៏​ខ្លាំង កាល​​ពី​ថ្ងៃ​​សុក្រ រហូត​មក​ទល់​ពេល​នេះ ជិត​​មួយ​​សប្តាហ៍​​ហើយ ដែល​​អា​ជ្ញា​ធរ​ជប៉ុន​​​ត្រូវ​​ប្រឈម​មុខ​​នឹង​​បញ្ហា​ធ្ងន់​ធ្ងរ នៅ​​ក្នុង​​រោង​ចក្រ​​អគ្គិសនី​​នុយ​ក្លេ​អ៊ែរ នៅ​​ហ្វ៊ូគូ​ស្ហ៊ីម៉ា (ប្រមាណ ២៥០​គ.ម. ខាង​​ជើង​​ទីក្រុង​​តូក្យូ​)។ អគារ​រ៉េអាក់ទ័រ​​​ចំនួន ៤ ត្រូវ​​បាន​​ផ្ទុះ និង​​ឆេះ​​ជា​បន្ត​បន្ទាប់​គ្នា។ ខាង​ក្រោម​​នេះ ជា​​សំណួរ​-​ចម្លើយ ដើម្បី​​ស្វែង​យល់​​អំពី​​​គ្រោះ​មហន្ត​រាយ​​នុយ​ក្លេ​អ៊ែរ​​ជប៉ុន។

តើ​​​គេ​ផលិត​​ថាម​ពល​​អគ្គិសនី​​នុយ​ក្លេ​អ៊ែរ​​ដោយ​​របៀប​ណា?

សារ​ធាតុ​​នុយក្លេអ៊ែរ ដែល​គេ​​ប្រើ​​សម្រាប់​​ផលិត​​អគ្គិសនី អាច​​ជា​​ភ្លុយ​តូ​ញ៉ូម (Plutonium) ឬ​​ជា​​អ៊ុយ​រ៉ា​ញ៉ូម (Uranium)។ ស្នូល​​នុយ​ក្លេ​អ៊ែរ​​ត្រូវ​​គេ​​ដាក់​ត្រាំ​​​នៅ​​ក្នុង​ទឹក។ នៅពេល​មាន​ប្រតិកម្ម​នុយក្លេអ៊ែរ វាបង្កើត​ជា​កម្តៅ ធ្វើ​ឲ្យ​ទឹក​ក្តៅ ហើយ​បង្ក​ជា​ចំហាយ។ ចំហាយ​ទឹកក្តៅ​នេះ បង្កើត​ជា​កម្លាំង​បង្វិល​ទួរប៊ីន​អគ្គិសនី។

តើ​វិបត្តិ​​នុយក្លេអ៊ែរ​នៅ​ហ៊្វូគូស្ហ៊ីម៉ា​​​កើតឡើង​ដោយ​របៀបណា?

នៅ​ក្នុង​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ នៅ​ហ្វ៊ូគូស្ហ៊ីម៉ា មាន​រ៉េអាក់ទ័រ​ទាំងអស់ ៦ ប៉ុន្តែ នៅពេល​មាន​​ការ​រញ្ជួយដី រ៉េអាក់ទ័រ​​តែ ៣​ ប៉ុណ្ណោះ ដែល​កំពុង​ដំណើរ​ការ។ រ៉េអាក់ទ័រ ៣​ផ្សេងទៀត ត្រូវ​ផ្អាក​ដំណើរការ​​មួយរយៈមកហើយ ដើម្បី​ធ្វើ​ការ​ត្រួតពិនិត្យ​បច្ចេកទេស។

ក្រោយ​ការ​រញ្ជួយដី រ៉េអាក់ទ័រ ៣គ្រឿង ដែល​កំពុង​ដំណើរការ​ ក៏​ត្រូវ​បញ្ឈប់​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ចៀសវាង​គ្រោះថ្នាក់។ នៅពេល​​រ៉េអាក់ទ័រ​​​លែង​​ដំណើរការ ប្រតិកម្ម​នុយក្លេអ៊ែរ​នៅ​ក្នុង​ស្នូល​រ៉េអាក់ទ័រ​ក៏​ត្រូវ​បញ្ឈប់ ក៏​ប៉ុន្តែ កម្តៅ​នៅតែ​​ខ្ពស់​ដដែល (​ប្រមាណ ៦% ធៀប​នឹង​ពេល​មាន​ប្រតិកម្ម​នុយក្លេអ៊ែរ)។ ដើម្បី​ទប់សីតុណ្ហភាព​កុំ​ឲ្យ​កើនឡើង គេ​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ឲ្យ​ស្នូល​នុយក្លេអ៊ែរ​ស្ថិត​នៅ​ក្នុង​ទឹក​ត្រជាក់ ​ជាប់ជានិច្ច។

ក៏ប៉ុន្តែ ​ការ​រញ្ជួយដី និង​​រលក​ស៊ូណាមី បាន​បណ្តាល​ឲ្យ​ប្រព័ន្ធ​បូមទឹក​ត្រជាក់​ត្រូវ​ខូចខាត លែង​ដំណើរការ។ ដោយ​គ្មាន​ទឹក​ត្រជាក់ ស្នូល​នុយក្លេអ៊ែរ​ក៏​ចាប់ក្តៅឡើងៗ រហូតដល់​កម្រិត​មួយ ស្នូល​នុយក្លេអ៊ែរ​ចាប់ផ្តើម​រលាយ​បន្តិចម្តងៗ ធ្វើ​ឲ្យ​សារធាតុ​វិទ្យុសកម្ម​ចាប់ផ្តើម​លេចធ្លាយ​ចេញ​មក​ខាងក្រៅ​ស្នូល។ ក៏ប៉ុន្តែ សារធាតុ​នុយក្លេអ៊ែរ​នៅមិនទាន់​ធ្លាយ​ចេញ​មក​ខាងក្រៅនៅឡើយទេ ពីព្រោះ​ ស្នូល​នុយក្លេអ៊ែរ​មាន​​គម្រប​ការពារ​ជាច្រើន​ជាន់​ថែម ទៀត។

តើ​ហេតុអ្វី​បាន​ជា​​អគារ​រ៉េអាក់ទ័រ​លេខ១ លេខ​២ និង​លេខ​៣​ត្រូវ​ផ្ទុះ?

នៅពេល​ដែល​ស្នូល​នុយក្លេអ៊ែរ​ចាប់ផ្តើម​រលាយ កម្តៅ​ និង​សម្ពាធ​ក្នុង​រ៉េអាក់ទ័រ​មាន​ការ​កើនឡើង​ខ្ពស់។ ដើម្បី​​ចៀសវាង​កុំ​ឲ្យ​ផ្ទុះ​រ៉េអាក់ទ័រ​ផ្ទុះ វិស្វករ​ជប៉ុន​បាន​បើក​បង្ហើប​ឲ្យ​ខ្យល់​នៅ​ក្នុង​ស្នូល​រ៉េអាក់ទ័រ​ចេញ​មក​ ក្រៅ​ខ្លះ ដើម្បី​កាត់បន្ថយ​សម្ពាធ​នៅ​ខាង​ក្នុង​ស្នូល​​រ៉េអាក់ទ័រ។ ខ្យល់​នៅ​ក្នុង​ស្នូល​រ៉េអាក់ទ័រនេះ ក៏​មាន​សារធាតុ​វិទ្យុសកម្ម​ដែរ។ ខ្យល់នេះ ត្រូវ​គេ​បិទ​ខ្ទប់​ឲ្យ​នៅ​តែ​ក្នុង​អគារ​រ៉េអាក់ទ័រ ដើម្បី​ចៀសវាង​​ការ​បញ្ចេញ​សារធាតុ​វិទ្យុសកម្ម​ទៅ​ក្នុង​បរិយាកាស។ ក៏ប៉ុន្តែ ខ្យល់​វិទ្យុសកម្ម​​ចេញ​ពី​រ៉េអាក់ទ័រ មក​នៅ​ក្នុង​អគារ ក៏​ត្រូវ​មាន​ប្រតិកម្ម​​ជាមួយ​បរិយាកាស​ខាងក្រៅ ទើប​ធ្វើ​ឲ្យ​អគារ​​រ៉េអាក់ទ័រ​ផ្ទុះ។

នៅពេល​ដែល​អគារ​រ៉េអាក់ទ័រ​ត្រូវ​បាក់បែក ខ្យល់​​មាន​សារធាតុ​វិទ្យុសកម្ម ដែល​គេ​បញ្ចេញ​ពី​ក្នុង​រ៉េអាក់ទ័រ​ក៏​ត្រូវ​សាយភាយ​ចេញ​ទៅ​ក្នុង​បរិយាកាស។

ហេតុអ្វី​បាន​ជា​មាន​ភ្លើង​ឆេះ នៅ​ក្នុង​រ៉េអាក់ទ័រ​លេខ៤?

រ៉េអាក់ទ័រ​លេខ ៤ បាន​ផ្អាក​ដំណើរការ​តាំង​ពីមុន​​មាន​ការ​រញ្ជួយដី​ម៉្លេះ។ ស្នូល​នុយក្លេអ៊ែរ ដែល​គេប្រើ​រួច​ហើយ (នៅតែមាន​សារធាតុ​វិទ្យុសកម្ម) ត្រូវ​បាន​គេ​យក​ចេញ​ពី​ក្នុង​រ៉េអាក់ទ័រ​មក​ដាក់ត្រាំទឹក​ត្រជាក់ ក្នុង​អាងទឹក។ អាងទឹក​នេះ ស្ថិត​នៅ​ខាង​ក្នុង​អគារ​រ៉េអាក់ទ័រ ក៏ប៉ុន្តែ មិនមាន​គម្របការពារ​អ្វី​នោះទេ។

ការ​ដែល​គេ​ដាក់​ស្នូលនុយក្លេអ៊ែរ​ប្រើរួច​ក្នុង​អាងទឹក​ត្រជាក់ គឺ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​​​វាក្តៅ​ឆេះ។ ក៏ប៉ុន្តែ នៅ​រ៉េអាក់ទ័រ​លេខ៤ ទឹក​នៅ​ក្នុង​អាង​​បាន​ស្រកចុះ​ រហូតដល់​ផុត​ស្នូល​នុយក្លេអ៊ែរ។ ស្នូល​នុយក្លេអ៊ែរ​ក៏​​ចាប់ក្តៅ​ឡើង​រហូត​ដល់​ឆេះ​ បង្ក​ជា​អគ្គិភ័យ​ដល់​ទៅពីរលើក។ អគារ​រ៉េអាក់ទ័រ​លេខ៤ ក៏​ត្រូវ​ឆេះ​ខ្ទេច​អស់។ សារធាតុវិទ្យុសកម្ម ដែល​មាន​នៅ​ក្នុង​ស្នូល​នុយក្លេអ៊ែរ​ ក៏​សាយភាយ​ចេញ​ទៅក្នុង​បរិយាកាស​ដោយសេរី។

តើ​សារធាតុវិទ្យុសកម្ម​អាច​បង្ក​បញ្ហា​អ្វីខ្លះ​ដល់​សុខភាព​មនុស្ស?

យើង​អាច​ទទួលរង​សារធាតុ​វិទ្យុសកម្ម​តាមរយៈ​ការ​ដកដង្ហើម​​ពី​ខ្យល់​ដែល​មាន ​សារធាតុ​វិទ្យុសកម្ម, ការ​ទទួលទានចំណីអាហារ​ដែល​មាន​សារធាតុ​វិទ្យុសកម្ម។ ម្យ៉ាងទៀត សារធាតុ​វិទ្យុសកម្ម​អាច​ជ្រាបចូល​ក្នុង​ខ្លួន​យើង​តាម​ស្បែក។

អ្នក​ដែល​ទទួលរងធាតុវិទ្យុសកម្ម​ក្នុង​កម្រិត​ខ្ពស់​អាច​បណ្តាល​ឲ្យ​ស្លាប់ ដោយ​ការ​ពុល​​វិទ្យុសកម្ម។ អ្នក​ពុល​សារធាតុ​វិទ្យុសកម្ម​​​មិនមាន​វិធី​ណា​អាច​ព្យាបាល​បាន​ទេ។ អ្នក​ទទួល​រងធាតុវិទ្យុសកម្ម​ក្នុង​កម្រិត​មធ្យម​ អាច​នឹង​កើត​ជំងឺ​មហារីក ទៅ​ថ្ងៃ​អនាគត។ ស្រ្តី​មាន​គភ៌ ដែល​ទទួលរង​សារធាតុ​វិទ្យុសកម្ម កូន​ក្នុង​ផ្ទៃ​​អាច​កើត​មក​ដោយ​មិន​​មាន​កាយសម្បទាន​គ្រប់គ្រាន់។

តើ​សារធាតុ​វិទ្យុសកម្ម​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា​អាច​សាយភាយ​ទៅ​ដល់​ប្រទេស​កម្ពុជា​ដែរ​ឬទេ?

ប្រទេស​កម្ពុជា​ស្ថិត​នៅ​​​ខាង​ត្បូង​ឆៀង​ខាង​លិច​ប្រទេស​ជប៉ុន។ ម្យ៉ាងវិញ​ទៀត ប្រព័ន្ធ​ខ្យល់​នៅ​តំបន់​ហ្វ៊ូគូស្ហ៊ីម៉ា​នៅពេលនេះ មានទិស​ដៅ​ទៅ​ខាង​ត្បូង​ឆៀង​ខាង​កើត។ ដូច្នេះ សារធាតុវិទ្យុសកម្ម​នៅពេលនេះ​មិន​បាន​សាយភាយ​មក​ទិសដៅ​ប្រទេស​កម្ពុជា​ នោះទេ។

ម្យ៉ាងទៀត ប្រទេស​កម្ពុជា​​ស្ថិត​នៅ​ចម្ងាយ​​ដល់​ទៅ​ជាង​៤ពាន់​គីឡូម៉ែត្រ​ឯណោះ​ ពី​តំបន់​ហ្វ៊ូគូស្ហ៊ីម៉ា។ ដូច្នេះ ប្រជាជន​កម្ពុជា​មិនគួរ​មាន​ការព្រួយបារម្ភ​អំពី​សារធាតុវិទ្យុសកម្ម​នេះ​ ពេកទេ។

តើ​ថ្នាំ​អ៊ីយ៉ូត​អាច​ជួយ​ការពារ​សារធាតុ​វិទ្យុសកម្ម​បាន​​ដោយ​របៀបណា?

គ្រាប់ថ្នាំ​អ៊ីយ៉ូត (តាមភាសាបារាំង Iodure de potassium ឬ​តាមភាសា​អង់គ្លេស Potassium iodide) អាច​ជួយ​ការពារ​អ្នក​ទទួល​សារធាតុ​វិទ្យុសកម្ម ពី​ជំងឺ​មហារីកក្រពេញ​ទីរ៉ូអ៊ីត។ ក៏ប៉ុន្តែ គ្រាប់ថ្នាំ​អ៊ីយ៉ូត​អាច​មាន​ប្រសិទ្ធិភាព​បាន​ លុះត្រា​តែ​ប្រើ​ឲ្យ​ចំពេលវេលា។ ការលេបថ្នាំ​អ៊ីយ៉ូត ដើម្បី​បង្កា​រទុក​ជាមុន​នោះ មិន​មាន​ប្រសិទ្ធិភាព​ការពារ​សារធាតុ​វិទ្យុសកម្ម​នោះទេ។

នៅ​ជប៉ុន​ រដ្ឋាភិបាល​បាន​ចែក​គ្រាប់ថ្នាំ​ដល់​ប្រជាជន​ជប៉ុន ដែល​ស្ថិត​នៅ​ក្នុង​តំបន់​គ្រោះថ្នាក់។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ក៏​បាន​ប្រាប់​ផងដែរ​ថា អ្នក​ដែល​ទទួល​គ្រាប់ថ្នាំ​អ៊ីយ៉ូត​ហើយ​មិនត្រូវ​លេប​ភ្លាមៗ​ទេ ពោល​គឺ​ ត្រូវ​លេប​នៅពេល​ដែល​អាជ្ញាធរ​​មាន​សមត្ថកិច្ចប្រាប់​ថា​ឲ្យ​លេប។

គួរ​បញ្ជាក់ថា ចំពោះ​អ្នក​ដែល​ទទួល​រង​សារធាតុ​វិទ្យុសកម្ម​ក្នុង​កម្រិត​ធ្ងន់ គ្រាប់ថ្នាំ​អ៊ីយ៉ូត​មិន​អាច​​ជួយ​ការពារ​​បាន​ទេ។

តើ​​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា​អាច​​ធ្ងន់ធ្ងរ​ដូច​កាល​ពី​នៅ​ឈែរណូប៊ីល (Tchernobyl) ដែរ​ឬទេ?

នៅពេលនេះ វិបត្តិ​នុយក្លេអ៊ែរ​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា នៅមិនទាន់​ធ្ងន់ធ្ងរ​ដូច នៅ​ឈែរណូប៊ីល កាល​ពី​ឆ្នាំ​១៩៨៦​នោះទេ។ ក៏ប៉ុន្តែ អ្នក​ជំនាញ​ខាង​នុយក្លេអ៊ែរ​របស់​បារាំង​បាន​លើកឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​ជប៉ុន​គ្រប់គ្រង​ស្ថានការណ៍​លែង​ជាប់ វិបត្តិ​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​នៅ​ឈែរណូប៊ីល ពីព្រោះ កាល​ពី​នៅ​ឈែរណូប៊ីល មាន​រ៉េអាក់ទ័រ​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ ដែល​ផ្ទុះ​ឆេះ។ ចំណែក​ នៅ​ហ្វ៊ូគូស្ហ៊ីម៉ាវិញ មាន​រ៉េអាក់ទ័រ​ដល់​ទៅ​៦​គ្រឿង ដែល​អាច​ប្រឈមមុខ​នឹង​បញ្ហា។

រហូតមក​ទល់ពេលនេះ រ៉េអាក់ទ័រ​លេខ៥ និង​លេខ៦ នៅមិនទាន់​មាន​ការខូចខាត​ក៏ពិតមែន ក៏ប៉ុន្តែ ក៏​មិន​មាន​សុវត្ថិភាព​ទាំងស្រុង​ដែរ។ ប្រសិន​បើ​ប្រព័ន្ធ​បូមទឹក​ត្រជាក់​នៅតែ​មិន​ដំណើរការ ហើយ​ការ​បូមទឹកសមុទ្រ​​មក​ចាក់​លើ​ស្នូលនុយក្លេអ៊ែរ​ត្រូវ​បរាជ័យ រ៉េអាក់ទ័រ​ទាំង៦ ត្រូវ​ប្រឈមមុខនឹង​ការ​ឆេះ​ធ្លាយ​វិទ្យុសកម្ម​ទៅ​ក្នុង​បរិយាកាស។

តើស្នូលនុយក្លេអ៊ែរ​ក្នុង​រ៉េអាក់ទ័រ​អាច​ផ្ទុះ​ដូច​ជា​គ្រាប់បែក​នុយក្លេអ៊ែរ​ដែរ​ឬទេ?

សារធាតុ​អ៊ុយរ៉ាញ៉ូម ដែល​ប្រើ​ក្នុង​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​មិនមាន​កម្លាំង​ខ្លាំង​​ដូច​ អ៊ុយរ៉ាញ៉ូម ដែល​គេ​​ប្រើ​ក្នុង​ការផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​នោះទេ។ ក្នុង​រ៉េអាក់ទ័រ​ អ៊ុយរ៉ាញ៉ូម​​ត្រូវ​គេ​បន្សុទ្ធ​ត្រឹម​កម្រិត​ប្រមាណ ២០% ប៉ុណ្ណោះ។ នៅ​ក្នុង​គ្រាប់បែក​នុយក្លេអ៊ែរ​វិញ អ៊ុយរ៉ាញ៉ូម​ត្រូវ​គេ​បន្សុទ្ធ​រហូតដល់​ទៅកម្រិត​យ៉ាងតិច​បំផុត ៨៥% ឯណោះ។

ដូច្នេះ ស្នូល​នុយក្លេអ៊ែរ​ក្នុង​រោងចក្រ​អគ្គិសនី មិន​អាច​ផ្ទុះ​ដូចជា​គ្រាប់បែក​នុយក្លេអ៊ែរ​នោះទេ។ គ្រោះថ្នាក់​​ចម្បង​ ដែល​បង្ក​ឡើង​ដោយ​ការផ្ទុះស្នូល​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ គឺ​ការ​សាយភាយ​​សារធាតុ​វិទ្យុសកម្ម៕

ប្រភព៖ សំណួរ-ចម្លើយ​ជុំវិញ​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ហ៊្វូគូស្ហ៊ីម៉ា

អានផងដែរ៖
១. តើ​ធាតុ​វិទ្យុសកម្ម​អាច​បង្ក​ផលវិបាក​អ្វីខ្លះ​ដល់​សុខភាព​មនុស្ស?
២. ស្នូល​​ប្រភពនៃ​ធាតុ​វិទ្យុសកម្ម​របស់​​ម៉ាស៊ីន​ប្រតិករ​ទី១ និងទី៣​កំពុង​ចាប់​រលាយ
៣. ភាព​អត់​ធ្មត់ និង​ការ​ព្រួយ​បារម្ភ​របស់​ប្រជាជន​ក្រោយ​គ្រោះ​រញ្ជួយ​ដី
៤. សេដ្ឋកិច្ច​ជប៉ុន​ជាប់គាំង​ស្ទះទាំងស្រុង​
៥. ស្ថានភាព​វិបត្តិ​នុយក្លេអ៊ែរ នៅ​ជប៉ុន​មាន​ការប្រសើរ​ទៅមុខ ប៉ុន្តែ​យឺត
៦. ជប៉ុន​យល់ព្រមឲ្យ​មាន​បេសកកម្ម​របស់AIEA​នៅហ្វ៊ូគូស្ហ៊ីម៉ា​
៧. ជប៉ុន​ខ្លាច​បារម្ភ​ធ្លាក់​ភ្លៀង​វិទ្យុ​សកម្ម
៨. គ្មាន​ឥទ្ធិពល​នុយក្លេអ៊ែរ​ជប៉ុន​មក​ដល់​កម្ពុជា​នោះ​ទេ


ទង្វើ

Information

2 responses

28 03 2011
រញ្ជួយ​ដី​កំរិត​៦.៥​រិចឆ្ទ័រ ​និង Tsunami កំពស់​០.៥​ម៉ែត្រ(២៨មីនា២០១១) « ពីនេះពីនោះ

[…] អានផងដែរ៖ គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​Tsunami​ថ្ងៃ​ទី​១១​មីនា​២០១១​នៅ​ប្រទេស​ជប៉ុន​ តើ​កម្ពុជា​អាច​នឹង​រង​ផល​ប៉ះ​ពាល់​ពី​រឿង​ខូច​ខាត​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​នៅ​ជប៉ុន​ឬ​អត់? សំណួរ​-​ចម្លើយ​​ជុំវិញ​​វិបត្តិ​​ន… […]

11 06 2011
៣ខែ​ក្រោយ​មហា​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​​នៅ​​ប្រទេស​ជប៉ុន​ថ្ងៃ​១១​មីនា (ភាគទី១) « ពី

[…] ព័ត៌មាន​អំពី​នុយក្លេអ៊ែរ​នៅ​ជប៉ុន សំណួរ​-​ចម្លើយ​​ជុំវិញ​​វិបត្តិ​​ន… […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: