ល្ខោន​​នយោបាយ​​ជប៉ុន​​ផ្លាស់​​តួ​ តែ​​លេង​​រឿង​​ដដែល

3 09 2011

ពីRFI៖
ល្ខោន​នយោបាយ​ជប៉ុន​ផ្លាស់​តួ​ តែ​លេង​រឿង​ដដែល ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

ស្តាប់៖

អត្ថបទ៖
នៅ​ថ្ងៃ​សុក្រ​ទី​២​កញ្ញា​នេះ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុនYoshihiko Noda បាន​​ប្រកាស​​ឲ្យ​​ដឹង​នូវ​សមាស​ភាព​នៃ​​រដ្ឋា​ភិបាល​​របស់​​លោក។ នៅក្នុង​ជួរ​គណៈរដ្ឋមន្ត្រី​ថ្មី ឃើញ​មាន​ភាគច្រើន សុទ្ធ​តែ​ជា​មនុស្ស​ថ្មី និង​ពីរ​នាក់​​មាន​វ័យ​តែ​ជាង​៤០​ឆ្នាំ​ប៉ុណ្ណោះ។ ធ្វើ​បែប​នេះ លោក ណូដា ប្រហែលជា​ ចង់​បិទ​ទំព័រ​ចាស់​នៃ​អស្ថិរភាព​នយោបាយ។ ចូរ​កុំ​ភ្លេច​ថា តាំងពី​ឆ្នាំ​២០០៦ រហូត​មក​ទល់​ថ្ងៃ​នេះ ប្រទេស​ជប៉ុន បាន​ស្គាល់​នាយក​រដ្ឋមន្ត្រី​៥​នាក់​ហើយ។ លើក​ណា​ក៏​ដូច​លើក​ណា ម្នាក់ៗ​មាន​វាសនា ក្តាប់​អំណាច បាន​តែ​ជាង​មួយ​ឆ្នាំ យ៉ាង​យូរ។ តាម​ពិត​ទៅ បញ្ហា​សេដ្ឋកិច្ច គឺ​ជា​មូលហេតុ​ធំ​ជាង​គេ​បង្អស់ នៃ​អស្ថិរភាព​នយោបាយ​នៅ​ប្រទេស​ជប៉ុន។

កាល​ពី​ជាង​មួយ​ឆ្នាំ​មុន នៅ​ពេល​ឡើង​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន លោក​Naoto Kan បាន​ប្រកាស​ក្តែងៗ​ថា៖«ប្រទេស​ជប៉ុន​ត្រូវ​ឈប់​ដេក​យល់​សប្ត ត្រូវ​ហ៊ាន​បញ្ចប់​នយោបាយ​ចាស់​គំរឹល​ហួស​សម័យ និង​ត្រូវ​តែ​អនុវត្ត​យ៉ាង​ក្លាហាន នយោបាយ​ថ្មី​ដែល​មាន​មូលដ្ឋាន​ប្រាកដ​និយម»។ នៅ​ទី​បំផុត ប្រជាពលរដ្ឋ​ជប៉ុន​មិន​ព្រម​ទទួល​យក​ទេ​នយោបាយ​ប្រាកដ​និយម ដ្បិត​លោក​Naoto Kan ដែល​អប្រជាប្រិយ​ខ្លាំង បាន​បង្ខំ​ចិត្ត​លា​លែង​ចេញ​ពី​តំណែង កាល​ពី​ថ្ងៃ​ទី​២៦​សីហា។

លោក​Yoshihiko Noda នាយក​រដ្ឋមន្ត្រី​ថ្មី​ដែល​ទើប​តែ​បាន​បង្កើត​រដ្ឋាភិបាល​ថ្មី​ហើយ នៅ​ថ្ងៃ​សុក្រ​ទី​២​សីហា​នេះ ដឹង​ខ្លួន​មុន​ជា​ស្រេច​ថា ចៀស​មិន​រួច​ពី​បន្ត​អនុវត្ត​នយោបាយ​បា្រកដ​និយម​របស់​លោក​Naoto Kan នោះ​គឺ​បង្កើន​ពន្ធដារ។ បង្កើន​ពន្ធដារ ដើម្បី​យក​លុយ​មក​សាងសង់​ឡើង​វិញ​តំបន់​ប៉ែក​ឦសាន​នៃ​ប្រទេស ដែល​ត្រូវ​បាន​បំផ្លេចបំផ្លាញ​ដោយ​ការ​រញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណាមី។ បង្កើន​ពន្ធដារ ដើម្បី​កាត់​បន្ថយ​បំណុល​សាធារណៈ​ច្រើន​វ័ណ្ត​ក គឺ​ប្រមាណ​២៣០%​នៃ​ផលិតផល​ដុល​ក្នុង​ស្រុក។ និយាយ​បែប​ផ្សេង នៅ​លើ​ឆាក​ល្ខោន​នយោបាយ​ជប៉ុន តួឯក​និង​តួរង​ត្រូវ​បាន​ប្តូរ តែ​ត្រូវ​បន្ត​សម្តែង​រឿង​ដដែល។

បញ្ហា​រ៉ាំរ៉ៃ​ដដែល​និង​ច្រំ​ដែល​របស់​ប្រទេស​ជប៉ុន​គឺ នា​ពេល​ដែល​ថ្នាក់ដឹកនាំ​មាន​មហិច្ឆតា​កាន់​តែ​ធំ​ចង់​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​តំបន់​និង​នៅ​លើ​ឆាក​អន្តរជាតិ និង​នា​ពេល​ដែល​ប្រទេស​ត្រូវ​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​ជាតិ នៅ​ចំពោះ​មុខ​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ពី​ចិន​និង​ពី​កូរ៉េ​ខាង​ជើង ស្រាប់​តែ​មធ្យោបាយ​សេដ្ឋកិច្ច​នៃ​ប្រទេស​ខ្សត់ខ្សោយ​ទៅ​ជា​លំដាប់ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

មែន​ទែន​ទៅ សេដ្ឋកិច្ច​ជប៉ុន​នៅ​ទ្រឹង​មួយ​កន្លែង​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ។ បញ្ហា​សេដ្ឋកិច្ច​នៅ​ទ្រឹង​មួយ​កន្លែង​នេះ មាន​លក្ខណៈ​កាន់​តែ​ធ្ងន់ធ្ងរ តាំង​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​សកលកាល​ជាង​២​ឆ្នាំ​មុន​នេះ​មក។ សេដ្ឋកិច្ច​ជប៉ុន​បាន​ដើរ​ថយ​ក្រោយ​ពេញ​មួយ​ឆ្នាំ​២០០៨ បាន​ផ្តើម​ងើប​ក្បាល​ឡើង​វិញ​នៅ​ឆ្នាំ​២០០៩-២០១០ ហើយ​ស្រាប់​តែ​ត្រូវ​បាន​យាយី​ដោយ​ការ​រញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណាមី នៅ​ឆ្នាំ​២០១១​នេះ​ទៀត។
នៅ​ក្នុង​បរិបទ​បែប​នេះ ពលរដ្ឋ​ជប៉ុន​ជា​ទូទៅ​បាត់​បង់​ទំនុក​ចិត្ត​នៅ​ចំពោះ​មុខ​អនាគតកាល។

ទាំង​ពលរដ្ឋ ទាំង​ថ្នាក់ដឹកនាំ​ដឹង​ថា ស្ថានភាព​សេដ្ឋកិច្ច​ជាតិ​មិន​អាច​ល្អ​ប្រសើ​វិញ ក្នុង​រយៈ​កាល​ខ្លី និង​ក្នុង​រយៈ​កាល​មធ្យម​បាន​ទេ។ ម្យ៉ាង គឺ​មក​ពី​ប្រជាជន​ជប៉ុន​មាន​ចំនួន​កាន់​តែ​តិច​ទៅ​ៗ និង​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​ៗ។ ម្យ៉ាង​ទៀត​គឺ​មក​ពី​បំណុល​សាធារណៈ​របស់​ជប៉ុន​ធំ​ណាស់ ច្រើន​ណាស់ គឺ​ប្រមាណ​មួយ​ពាន់​ម៉ឺន​លាន​ដុល្លារ។

ម្ល៉ោះ​ហើយ ការ​ដែល​ចិន​បាន​វ៉ា​ឈ្នះ​ជប៉ុន ដោយ​បាន​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​ពីរ គឺ​មិនមែន​ដោយសារ​តែ​សេដ្ឋកិច្ច​ចិន​ខ្លាំង​នោះ​ទេ តែ​ក៏​ដោយហេតុតែ​សេដ្ឋកិច្ច​ជប៉ុន​ខ្លួន​ឯង​ខ្សោយ​ដែរ។

យ៉ាង​ណា​ក៏​ដោយ ប្រជាជន​ជប៉ុន​ជា​ពូជ​អ្នក​ស៊ូ ស្វិតស្វាញ​ក្នុង​ការងារ ធ្លាប់​បាន​បង្ហាញ​ក្នុង​អតីតកាល នូវ​សមត្ថភាព​ខ្ពស់​របស់​ខ្លួន​ក្នុង​ការ​លោត​ហក់​ចេញ​រួច​ពី​ជ្រោះ​នៃ​វិបត្តិ។ អ្វី​ដែល​ពលរដ្ឋ​ត្រូវ​ការ​គឺ​នាយក​រដ្ឋមន្រ្តី​មួយ​រូប​ដែល​មាន​បុគ្គលិកលក្ខណៈ​ខ្លាំង ចេះ​ធ្វើ​ឲ្យ​ប្រជាជាតិ​មាន​សុទិដ្ឋិនិយម​ឡើង​វិញ ចេះ​បង្ហាញ​ផ្លូវ​ដែល​ត្រូវ​ដើរ​ឆ្ពោះ​ទៅ​កាន់​វឌ្ឍនភាព។

តាម​រយៈ​ការ​តែងតាំង​ភាគ​ច្រើន​សុទ្ធ​តែ​មនុស្ស​ថ្មី ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី លោក​នាយករដ្ឋមន្ត្រី​Noda ប្រហែល​ជា​ចង់​បិទ​ទំព័រ​ចាស់​នៃ​ទុទិដ្ឋិនិយម និង​បើក​ទំព័រ​ថ្មី​នៃ​សុទិដ្ឋិនិយម។ ប៉ុន្តែ សួរ​ថា តើ​ការ​ផ្លាស់ប្តូរ​សមាសភាព​នៃ​គណៈរដ្ឋមន្ត្រី​បែប​នេះ​អាច​ជួយ​ឲ្យ​រដ្ឋាភិបាល​លោក​Nado មាន​អាយុ​វែង​ជាង​រដ្ឋាភិបាល​មុនៗ​ឬ​ទេ? ចម្លើយ​តប​នឹង​សំណួរ​នេះ អាច​នឹង​ធ្លាយ​ចេញ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕


ទង្វើ

Information

3 responses

3 09 2011
សុភ័ក្ត្រ

យ៉ាង​ណា​ៗ​ក៏​គ្រាន់​បើ​ជាង​លេង​រឿង​ដដែល ហើយ​តួ​ដដែល​ទៀត​ដែរ ហេហេ…

3 09 2011
តា ម៉ាប់

មាន​តែ​រឿង​នៅ​ស្រែខ្មុក ហេហេ

5 09 2011
វិសាល

បើរឿងដដែលតួដដែល ប្រហែលមកពីរឿងនៅល្អមើល តួក៏នៅល្បី😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: