ចិន-ជប៉ុន៖ សុខ​ចិត្ត​ខាត​បង់​​ផល​ប្រយោជន៍​​រាប់​ពាន់​លាន​​ដុល្លារ​​ដើម្បី​​កូន​កោះ​​ប៉ុន្មាន​​ដុំ?

23 09 2012

RFI: ចិន-ជប៉ុន៖ សុខចិត្ត​​ខាត​បង់​​ផល​ប្រយោជន៍​​រាប់​ពាន់​លាន​​ដុល្លារ​​ដើម្បី​​កូន​កោះ​​ប៉ុន្មាន​​ដុំ?
ដោយ សេង ឌីណា

នៅពេលនេះ ចលនា​បាតុកម្ម​ប្រឆាំង​ជប៉ុន​នៅចិន ​ជុំវិញ​ជម្លោះដណ្តើម​ប្រជុំកោះ Senkaku/Diaoyu​ បាន​ស្ងប់​ទៅវិញហើយ​មែន​ ក៏ប៉ុន្តែ ភាព​តានតឹង​ផ្នែក​ការទូត ​រវាង​ប្រទេស​ទាំងពីរ​នៅតែ​កើតមាន​ខ្លាំង ហើយ​​ជម្លោះនេះ​ហាក់ដូចជា​កំពុង​តែ​រាលដាល​ទៅដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ដោយ​គេ​ឃើញ​មន្រ្តី​គយចិន​បាន​បង្កើន​ការ​ឆែកឆេរ​ត្រួតពិនិត្យ​ទំនិញ ដែល​នាំចូល​មក​ពី​ប្រទេស​ជប៉ុន។ មន្រ្តី​រដ្ឋាភិបាល​ចិន​ក៏​ធ្លាប់បាន​ព្រមាន​ដែរ​ថា ការដែល​រដ្ឋាភិបាល​ជប៉ុន​ប្រមូលទិញ​ដីលើ​កោះ​ជាប់ជម្លោះ​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។ តើ​មហាយក្ស​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​នេះ​ ពិតជា​សុខចិត្ត​ប្រឈមមុខ​នឹង​ការបាត់បង់​ផលប្រយោជន៍​រាប់រយពាន់លាន​ដុល្លារ ដើម្បី​តែ​កូនកោះ​ប៉ុន្មាន​ដុំ​នេះ​មែន​ឬ?

រវាង​ចិន និង​ជប៉ុន បើទោះជា​ពួកគេ​ស្អប់គ្នា​ ឈ្លោះគ្នា​ ​ ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​ជូរចត់​ពី​អតីតកាល​យ៉ាងណា ក៏ប៉ុន្តែ នៅពេលបច្ចុប្បន្ន​នេះ វាជារឿង​ដែលមិន​អាច​ប្រកែកបាន​ដែល​ថា ប្រទេស​ជិតខាង​ និង​ជា​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​នេះ ត្រូវការ​គ្នា​ទៅវិញ​ទៅមក​ខាង​ផ្នែក​សេដ្ឋកិច្ច។ ចិន​គឺ​ជាដៃគូ​ពាណិជ្ជកម្ម​ដ៏ធំបំផុត​របស់​ជប៉ុន ចំណែក​ជប៉ុនវិញ គឺ​ជា​ដៃគូពាណិជ្ជកម្ម​ដ៏ធំលំដាប់​ទីបី​របស់​ចិន។ កាល​ពី​ឆ្នាំ​២០១១​កន្លងទៅ ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ទំហំ​ជាទឹកប្រាក់​រហូតដល់​ទៅ​ជាង ៣៤០ពាន់លាន​ដុល្លារ។

នៅពេលនេះ ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ឆ្លងកាត់​វិបត្តិ សេដ្ឋកិច្ច​របស់​ចិន និង​ជប៉ុន​ក៏កំពុង​ជួប​បញ្ហា ដោយ​ការ​នាំចេញ​ត្រូវ​ធ្លាក់ចុះ ហើយ​កំពុង​តែ​ស្រវាស្រទិញ ស្វែងរក​ទីផ្សារ ដើម្បី​នាំចេញ ដៃគូពាណិជ្ជកម្ម​ដ៏សំខាន់​ទាំងពីរ​នេះ​បែរជា​កំពុង​តែ​ឈ្លោះគ្នា​បង្ក​ឲ្យ​រង្គោះរង្គើ​ទៅដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទៅវិញ។

ទាំងនេះ គឺដោយសារ​តែ​ជម្លោះ​ដណ្តើម​កូនកោះ​តូចៗ​ប៉ុន្មាន​ដុំ ដែល​ក្នុងចំណោម​នោះ​មាន​ខ្លះ​ គ្រាន់តែ​ជា​ដុំថ្ម ​មិន​ទាំងមាន​ដី​អាច​​រស់នៅ​ ឬ​ធ្វើ​អ្វី​បាន​ផង។ បើទោះជា​ នៅ​ជុំវិញ​ប្រជុំកោះ​នេះ មាន​ប្រភពធនធាន​ធម្មជាតិ​ ដូចជា ទីតាំង​នេសាទ ឬ​ក៏​អាច​មាន​ប្រេង ឬ​ឧស្ម័ន​ក្រោម​បាតសមុទ្រ ក៏ប៉ុន្តែ ធនធាន​ទាំងនេះ​ក៏​មិនអាច​​​មាន​តម្លៃ​ស្មើ​នឹង​​ផលប្រយោជន៍សេដ្ឋកិច្ច ដែល​​ប្រទេស​ទាំងពីរ​អាច​​ទាញយក​បាន ​ពី​ការ​ដោះដូរ​ពាណិជ្ជកម្ម ​រាប់រយ​ពាន់លាន​ដុល្លារ​ ក្នុងមួយ​ឆ្នាំ​ៗ​​នោះដែរ។ ដូច្នេះ បើ​និយាយ​ពី​ផលប្រយោជន៍​ខាង​សេដ្ឋកិច្ច កូនកោះ​តូចៗ​ប៉ុន្មាន​ដុំ​នេះ មិនមាន​តម្លៃ​ ដែល​គួរ​ឲ្យ​ចិន និង​ជប៉ុន​ឈ្លោះគ្នា​បែបនេះ​ទេ។

គេ​អាច​និយាយ​បាន​ថា ជម្លោះ​នេះ កើតឡើង​ដោយសារ​តែ​មូលហេតុ​ចម្បង​មួយ​ទៀត គឺ​ចលនាជាតិនិយម​។ ប៉ុន្តែ និយាយ​ពី​គំនិត​ជាតិនិយម​នេះ បើ​យើង​មើល​ទៅលើ​ប្រវត្តិសាស្រ្ត ដែល​ប្រជាជន​ចិន​​ធ្លាប់​ទទួលរងគ្រោះ​​ពី​អំណាច​យោធា​ជប៉ុន យើង​អាច​យល់បាន​ថា ឲ្យ​តែ​មាន​ការ​ប៉ះពាល់​ណាមួយ​ជាថ្មី​ពី​ជប៉ុន ទោះបី​គ្រាន់តែ​ជា​ថ្ម​មួយ​ដុំ គ្មាន​តម្លៃ​អ្វី​សោះ​ក៏ដោយ ក៏​វា​អាច​គាស់​កកាយ​ដំបៅ​ចាស់​ របស់​ប្រជាជន​ចិន​ឲ្យ​ឈឺ​​ពើតផ្សារ​ឡើងវិញ​ដែរ។

ចុះពីខាង​ជប៉ុនវិញ? បើ​និយាយ​ពី​អតីតកាល​ ជប៉ុន​​គឺ​ជា​អ្នក​ត្រួតត្រា​ចិន មិនមែន​ជា​អ្នករងគ្រោះ​នោះទេ។ បើ​និយាយ​ពី​ពេល​បច្ចុប្បន្ន​នេះ​វិញ ប្រជុំកោះ​ដែល​ជាប់ជម្លោះ​ជាមួយ​ចិន គឺ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន​រួចជាស្រេច​ទៅហើយ។ ថ្វីដ្បិត​តែ​ចិន​តែងតែ​ទាមទារ​កម្មសិទ្ធិលើ​ប្រជុំកោះ​ទាំងនេះ ក៏ប៉ុន្តែ ការ​ទាមទារ​នេះ​ធ្វើ​ឡើង​តែ​មាត់​ប៉ុណ្ណោះ​ មិនមាន​សកម្មភាព​អ្វី​ដែល​គួរ​ជា​ការ​គំរាម​កំហែង​ដល់​វត្តមាន​របស់​ជប៉ុន​នៅលើ​កោះនេះ​ទេ។ តើមាន​ការ​ចាំបាច់អ្វី ដែល​​​រដ្ឋាភិបាល​ជប៉ុន​​​ត្រូវ​ប្រមូលទិញ​ដីលើ​កោះ​ទាំងនេះ បង្ក​ជម្លោះ​ជាមួយ​ចិន​​ធ្វើ​អ្វី?

តាមការពិតទៅ ដើមភ្លើង​ធំបំផុត ដែល​ដុតបញ្ឆេះ​ជម្លោះ​​ដណ្តើម​កោះ​រវាង​ចិន និង​ជប៉ុន​ នៅពេលនេះ មិនមែន​ចេញ​ពី​រដ្ឋាភិបាល​ជប៉ុន​នោះទេ គឺ​មក​ពី​ប្រភពផ្សេង។ ដើមភ្លើង​នោះ គឺ​មាន​ឈ្មោះ​ថា ស្ហ៊ីនតារ៉ូ អ៊ីស្ហ៊ីហារ៉ា (Shintaro Ishihara) អភិបាល​ក្រុង​តូក្យូ ដែល​ជា​អ្នក​នយោបាយ​អភិរក្ស​និយម ឬ​អាច​និយាយ​បានថា​ជា​អ្នក​ជាតិនិយម​ជ្រុល​ម្នាក់។

គឺ​លោក​អ៊ីស្ហ៊ីហារ៉ា​នេះ​ហើយ ដែល​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ចង់​​ប្រមូល​ទិញ​កោះ​ទាំងបី​ នៅ​ក្នុង​ប្រជុំកោះ​សេនកាគូ ដែល​ជាប់ជម្លោះ​ជាមួយ​ចិន​នេះ ហើយ​ថែម​ទាំង​គ្រោង​ធ្វើការ​អភិវឌ្ឍ​កោះ​ទាំងនេះ​ទៀតផង។ លោក​អ៊ីស្ហ៊ីហារ៉ា​បាន​រៃអង្គាស​លុយ​បាន​រហូតដល់​ទៅ ១៥លាន​ដុល្លារ ពី​សាធារណជន​ជប៉ុន ដើម្បី​អនុវត្ត​គម្រោង​នេះ។

ដូច្នេះ បើមើលទៅ ការ​ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រមូលទិញ​កោះទាំងនេះ ស្កាត់ទុកមុន​លោក​អ៊ីស្ហ៊ីហារ៉ា តាម​ពិត​ គឺ​​​ជា​ការ​បង្កា​កុំ​ឲ្យ​មាន​​ជម្លោះ​កាន់តែ​ធំ​ជាមួយ​ចិន​​ទៅវិញ​ទេ។ ហើយ​ចិន​ក៏​គួរ​តែ​យល់​រឿងនេះ​ដែរ ពីព្រោះ​ថា បើទោះជា​​​កោះ​ជាប់ជម្លោះ​នេះ​ត្រូវ​រដ្ឋាភិបាលជប៉ុន​​ទិញ​យក​ទៅ​ធ្វើ​ជា​​សម្បត្តិ​រដ្ឋក៏ពិតមែន ក៏ប៉ុន្តែ យ៉ាងហោចណាស់ក៏​រដ្ឋាភិបាល​ជប៉ុន​មិនមាន​គម្រោង​​អភិវឌ្ឍ ឬ​ធ្វើ​សកម្មភាព​​អ្វី​មួយ នៅលើ​កោះនេះ ដូចជា​​ក្រុម​អ្នក​ជាតិ​និយម​របស់​លោក​អ៊ីស្ហ៊ីហារ៉ា​នោះដែរ។

ប៉ុន្តែ បើ​​យើង​​មើល​ទៅលើ​កំហឹង​ ក្នុង​ចលនា​ប្រឆាំង​ជប៉ុន ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ប្រជាជន​ចិន​ប្រហែលជា​មិនបាន​យល់ឃើញ​ដូចហេតុផល​ខាងលើនេះ​ទេ។ ក៏ប៉ុន្តែ ថា​ប្រជាជន​សាមញ្ញ​ទៅចុះ ក្រែង​មិនយល់​ ចុះ​ប្រមុខដឹកនាំ​រដ្ឋាភិបាល​ទាំងពីរវិញ? តើ​គួរ​​សម្រួល​ចិត្ត​ឲ្យ​ត្រជាក់​ទាំងសងខាង ហើយងាក​មក​​ជជែក​គ្នា ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី បញ្ចប់​ជម្លោះ​តូច ដើម្បី​រក្សា​ប្រយោជន៍ធំ ឬ​ក៏​​​​ទុក​បណ្តោយ​ឲ្យ​ជម្លោះ​នេះ រាលដាល​កាន់តែធំ ហើយ​បង្ក​ការខាតបង់​ដល់​ផល​ប្រយោជន៍​​ទាំងសងខាង?


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: