មោទនភាព និង​ភាព​សៅហ្មង​ក្នុង​ពេល​ដែល​កម្ពុជា​ធ្វើ​ប្រធាន​ប្តូរវេន​អាស៊ាន

23 11 2012

ពីRFI៖ មោទនភាព និង​ភាព​សៅហ្មង​ក្នុង​ពេល​ដែល​កម្ពុជា​ធ្វើ​ប្រធាន​ប្តូរវេន​អាស៊ាន
ដោយ ប៉ែន បូណា

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ និង​កិច្ចប្រជុំ​ពាក់ពន្ធ័​ផ្សេងៗ​ទៀត​ដែល​បាន​បើក​ធ្វើ​នៅ​ភ្នំពេញ បាន​បិទ​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃទី២០ វិច្ឆិកា។ តំណែង​ប្រធាន​ប្តូរវេន​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​ឆ្នាំ ២០១២ នេះ​ក៏​ជិត​ផុត​ទៅ​ហើយ​ដែរ។ កិច្ចប្រជុំ​ចុងក្រោយ​នេះ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ដែល​កម្ពុជា​បាន​រៀប​ចំ និង​ដែល​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ចាត់​ទុក​ជា​ជោគជ័យ​ដ៏​ធំ​មួយ។ ប៉ុន្តែ ទន្ទឹម​នឹង​ជោគជ័យ​នេះ ក៏​មាន​បញ្ហា​មួយ​ចំនួន​បាន​លេច​ឡើង​នៅ​ក្រោយ​កិច្ចប្រជុំ​នេះ​ដែរ។ តើ​អ្វី​ខ្លះ​ជា​ជោគជ័យ និង​អ្វី​ខ្លះ​ជា​បញ្ហា​របស់​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ ?

ដូច​ការ​គ្រោងទុក កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ និង​កិច្ចប្រជុំ​ពាក់​ពន្ធ័សំខាន់ៗ​ជាច្រើន​ទៀត​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​បាន​បិទ​បញ្ចប់​ប្រកប​ដោយ​ជោគជ័យ។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។

ជោគជ័យ​ដោយសារ​តែ​ទី១ គឺ​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​របស់​ភ្ញៀវ​ត្រូវ​បាន​ធានា​យ៉ាង​ល្អ ទី២ កិច្ចប្រជុំ​នេះ​មាន​ប្រទេស​ដល់​ទៅ ១៨ មក​ចូលរួម ក្នុង​នោះ​ក៏​មាន​មហាអំណាច​ធំ ៣ នៃ​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ គឺ​ចិន រុស្ស៊ី និង​សហរដ្ឋអាមេរិក ទី៣ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មិន​បាន​បង្ក​ការ​រំខាន​ដល់​ដំណើរការ​កិច្ចប្រជុំ​ដូច​កាល​ពី​ខែកក្កដា​កន្លង​ទៅ​ទេ ទី៤ ការ​រៀបចំ​ទទួល​ភ្ញៀវ រួមទាំង​ការ​ទទួល​អ្នកកាសែត​ផង​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​លើក​មុន និង​ទី៥ ការ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន កិច្ច​ប្រជុំ​អាស៊ាន​ជាមួយ​ដៃគូ ក៏​ដូច​ជា​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ដែរ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ការ​យោគយល់​គ្នា​ល្អ​ជាង​មុន។

ជា​ការ​ពិត​ហើយ កម្ពុជា​ក្នុង​នាម​ប្រធាន​អាស៊ាន បាន​ដំណើរការ​កិច្ចប្រជុំ​ធំៗ​ទាំង​នេះ​បាន​ល្អ​ដូច​ជា​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដែរ។ នេះ​ជា​ចំណុច​មោទនភាព​ដែល​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ គួរ​មាន​មោទនភាព ពីព្រោះ​ថា ប្រទេស​ដែល​ល្បី​ឈ្មោះ​ដោយសារ​តែ​របប​ខ្មែរក្រហម​មួយ​នេះ បាន​និង​កំពុង​ឈរ​ស្មើ​មុខមាត់​ជាមួយ​គេ​ឯង​ក្នុង​តំបន់ ក៏​ដូច​ជា​ក្នុង​ឆាក​អន្តរជាតិ។ ឥឡូវ​នេះ ថ្វី​បើ​ញញួរ​​តំណាង​ឲ្យ​ប្រធាន​អាស៊ាន​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ប្រទេស​ប្រ៊ុយណេ​ដែល​ជា​អ្នក​បន្ត​វេន​ពី​កម្ពុជា​ក្នុង​ឆ្នាំ ២០១៣ ហើយ​ក៏​ដោយ ក៏​កម្ពុជា​នៅ​តែ​ជា​ប្រធាន​អាស៊ាន​រហូត​ដល់​ដំណាច់ឆ្នាំ ២០១២ នេះ។

យ៉ាង​ណា​ក៏​ដោយ ក្នុង​ឋានៈ​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​រយៈពេល​ពេញ​មួយឆ្នាំ ២០១២ ទន្ទឹម​នឹង​មោទនភាព ក៏​មាន​បញ្ហា​ជាច្រើន​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​នេះ​ដែរ។ បញ្ហា​ដែល​ជា​បទពិសោធន៍​ជូរចត់​បំផុត​គឺ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​បាន​រារាំង​សេចក្តីថ្លែងការណ៍​រួម​របស់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​ខែកក្កដា​កន្លង​ទៅ។ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ចាប់​តាំង​ពី​ការកកើត​សមាគម​អាស៊ាន​កាលពី​ឆ្នាំ ១៩៦៧ មក ដែល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​បាន ដោយសារ​តែ​ប្រទេស​សមាជិក​ទាំង​អស់​មិន​ចុះ​សម្រុង​គ្នា​ស្តីពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។

បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាងខ្លាំង​អំពី​ឥទ្ធិពល​របស់​ចិន​មក​លើ​រដ្ឋាភិបាល​កម្ពុជា។ ទោះ​បី​ជា​ទីក្រុង​ភ្នំពេញ​បដិសេធ និង​បើ​ទោះ​បី​ជា​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា រងគ្រោះ​ព្រោះ​ជម្លោះ​ដែល​លើស​ពី​សមត្ថភាព​របស់​ខ្លួន ប៉ុន្តែ មជ្ឈដ្ឋាន​ជា​ច្រើន​បាន​មើល​ឃើញ​ថា វា​បណ្តាល​​មក​ពី​ភាព​លម្អៀង​របស់​កម្ពុជា​ទៅ​រក​ប្រទេស​ចិន​ទើប​នាំ​ឲ្យ​អាស៊ាន​ឈាន​ដល់​ការ​បែកបាក់​មិន​ចុះ​សម្រុង​គ្នា។ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក៏​បាន​ដាក់​កម្ពុជា​ឲ្យ​ប្រឈមមុខ​ជាមួយ​វៀតណាម និង​ជាពិសេស​ជាមួយ​ហ្វីលីពីន​តែម្តង។

នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី២១ កន្លង​ទៅ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ បើ​ទោះ​បី​ជា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មិន​បាន​បង្ក​ការ​រាំងស្ទះ​អ្វី​ទៀត​ក៏​ដោយ ក៏​ប្រទេស​ហ្វីលីពីន​នៅ​តែ​សម្តែង​ការ​មិន​យល់ស្រប​ចំពោះ​ការ​មិន​ឲ្យ​លើក​បញ្ហា​នេះ​ជា​អន្តរជាតិ​ដដែល។ ទីក្រុង​ម៉ានីល និង​ហាណូយ​គ្រោង​បើក​កិច្ចពិភាក្សា​ទ្វេភាគី​អំពី​បញ្ហា​នេះ​ដើម្បី​ស្វែង​រក​យុទ្ធវិធី​រួមគ្នា​ដើម្បី​ប្រឈមមុខ​ជាមួយ​មហា​យក្ស​ចិន។

ក្រៅ​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កិច្ចប្រជុំ​កពូ​ល​អាស៊ាន​ជា​បន្តបន្ទាប់ ជា​ពិសេស​កិច្ចប្រជុំ​ចុង​ក្រោយ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​កម្ពុជា​គួរ​ឆ្លុះបញ្ចាំង​មើល​ធៀប​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក។ គម្លាត​សេដ្ឋកិច្ច បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ជា​ចំណុច​សំខាន់​ដែល​គួរ​ពិចារណា។ កំណែទម្រង់​របស់​ប្រទេស​ភូមា ជា​ឱកាស​ដែល​គេ​បាន​នាំ​គ្នា​និយាយ​ពី​កម្ពុជា​ឡើងវិញ។ តើ​កម្ពុជា​គួរ​ធ្វើ​ជា​គ្រូ ឬ​ជា​កូនសិស្ស​របស់​ភូមា ? នេះ​ជា​សំណួរ​សំខាន់​ដែល​ត្រូវ​រក​ចម្លើយ៕


ទង្វើ

Information

5 responses

24 11 2012
តា ម៉ាប់

ឥត​មានអីគួរឲ្យមាន​ មោទកភាព នោះសោះ ខ្មាសគេ !

3 12 2012
វិសាល

ប៉ិឯងខ្មាសខ្មាសទៅ តែគេមានមោទនភាព😛

4 12 2012
តា ម៉ាប់

ចុះប៉ិឯងវិញ ?

7 12 2012
វិសាល

មោទនភាពពេញទី ហាហា😛

7 12 2012
តា ម៉ាប់

យកទៅអញ្ចឹង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: