របៀប​គណនា​ចំនួន​អាសនៈ​ក្នុង​ការ​បោះឆ្នោត​តំណាងរាស្រ្ត​កម្ពុជា

31 07 2013

ពីRFI៖ របៀប​គណនា​ចំនួន​អាសនៈ​ក្នុង​ការ​បោះឆ្នោត​តំណាងរាស្រ្ត​កម្ពុជា (ដោយ សេង ឌីណា)

នៅ​កម្ពុជា ការ​បោះឆ្នោត​តំណាងរាស្រ្ត គឺ​ជា​ការ​បោះឆ្នោត​តាម​ប្រព័ន្ធ​សមាមាត្រ។ ពលរដ្ឋ​កម្ពុជា​មិន​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ណាមួយ​ឲ្យ​ធ្វើ​ជា​តំណាង​រាស្រ្ត​នោះទេ ក៏ប៉ុន្តែ បោះឆ្នោត​ជ្រើសរើស​បញ្ជីឈ្មោះ​បេក្ខជន​តំណាងរាស្រ្តនៃ​គណបក្ស​មួយ។ ចេញ​ពី​ចំនួន​ស្លឹកឆ្នោត​សរុប​ដែល​បោះ​ឲ្យ​គណបក្ស​នីមួយៗ​នេះ ទើប​គេ​យក​ទៅ​គណនា​រក​ចំនួន​អាសនៈ ដែល​គណបក្ស​នីមួយ​ៗ​ទទួលបាន នៅ​ក្នុង​រដ្ឋសភា។ តើ​ការ​កំណត់​ចំនួន​អាសនៈ​នេះ ត្រូវ​ធ្វើឡើង​ដោយ​របៀបណា?

តាមច្បាប់​បោះឆ្នោត​កម្ពុជា ចំនួន​អាសនៈ​សភា ដែលត្រូវ​បែងចែក​ទៅ​ឲ្យ​​គណបក្ស​នយោបាយ​ណាមួយ នៅ​ក្នុងការ​បោះឆ្នោត​ ត្រូវ​គណនា​ ដោយ​ប្រើ​រូបមន្ត​ “មធ្យមភាគ​ខ្ពស់បំផុត” ហើយ​ការ​បែងចែក​អាសនៈ​ ត្រូវ​ធ្វើ​ឡើង​នៅ​តាម​មណ្ឌលនីមួយៗ។

ជំហានទី១៖ កំណត់​ចំនួន​កូតា​នៃ​សន្លឹកឆ្នោត​ក្នុងមួយ​អាសនៈ

មុននឹង​ចាប់ផ្តើម​​ធ្វើការ​បែងចែក​ចំនួន​អាសនៈ​ ជាដំបូង គេ​ត្រូវ​គណនា​ឲ្យ​ឃើញ​សិន​​អំពី​ចំនួន​កូតា​នៃ​សន្លឹកឆ្នោត​ក្នុងមួយ​អាសនៈ (មានន័យថា ចំនួន​សន្លឹកឆ្នោត ដែលគណបក្ស​មួយ​ត្រូវ​ទទួលបាន ដើម្បី​ទទួល​បាន​អាសនៈមួយ​)។ ដើម្បី​គណនា​ គេ​ត្រូវ​យក​ចំនួន​សន្លឹកឆ្នោត​បាន​ការ​សរុប នៅ​ក្នុង​មណ្ឌលមួយ ចែក​នឹង​ចំនួន​អាសនៈ​សរុប​នៅក្នុង​មណ្ឌល​នោះ ដោយ​មិន​គិត​ពីសំណល់ចែក។

កូតា​សន្លឹកឆ្នោត​ក្នុងមួយ​អាសន =​​ សន្លឹកឆ្នោត​បានការ​សរុប​ក្នុងមណ្ឌល/អាសនៈសរុប​ក្នុងមណ្ឌល

គួរបញ្ជាក់ថា សន្លឹកឆ្នោត​បាន​ការសរុប ខុស​ពី​ចំនួន​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត។ អ្នក​ដែល​មានឈ្មោះ​ក្នុង​បញ្ជីឈ្មោះ​បោះឆ្នោត ដែល​មិនទៅ​បោះឆ្នោត ឬ​ទៅបោះឆ្នោត​ដែរ​ ប៉ុន្តែ គូស​សន្លឹកឆ្នោត​មិន​ត្រឹមត្រូវ ជា​សន្លឹក​ឆ្នោត​មិនបានការ មិនត្រូវ​រាប់បញ្ចូល​នៅ​ក្នុង​ចំនួន​សន្លឹកឆ្នោត​បាន​ការ​សរុបទេ។

ឧទាហរណ៍៖ នៅ​មណ្ឌល​កំពង់ចាម ដែល​មាន​ចំនួន​អាសនៈ​សរុប​ទាំងអស់ ១៨​អាសនៈ មាន​សន្លឹកឆ្នោត​បានការ​សរុ​ប ចំនួន ១៨ម៉ឺនសន្លឹក។ ដូច្នេះគណបក្ស​មួយ​ចាំបាច់​ត្រូវ​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ ១ម៉ឺន​សន្លឹក ទើបអាច​ទទួល​បាន​១អាសនៈ​។

ជំហានទី២៖ កំណត់​ចំនួន​អាសនៈ​បឋម

ក្រោយ​ពី​បាន​កំណត់​ចំនួន​កូតា​សន្លឹកឆ្នោត​ក្នុង​មួយអាសនៈ​ហើយ ជំហានទីពីរ គេ​ត្រូវ​ធ្វើ​ការ​កំណត់​ចំនួន​អាសនៈ​បឋម សម្រាប់​គណបក្ស​នីមួយៗ ដោយ​យក​ចំនួន​សំឡេងឆ្នោត​សរុប ដែល​គណបក្ស​នីមួយៗ​ទទួលបាន នៅ​ក្នុង​មណ្ឌល​មួយ ចែក​ឲ្យ​ចំនួនកូតា​សន្លឹកឆ្នោត​ក្នុងមួយ​អាសនៈ ដោយ​មិន​គិត​ពី​សំណល់ចែក។

អាសនៈបឋម = ចំនួនសន្លឹកឆ្នោត​ដែល​បោះ​ឲ្យ​គណបក្សមួយ/កូតា​សន្លឹកឆ្នោត​ក្នុងមួយ​អាសនៈ

ឧទាហរណ៍៖ នៅ​ក្នុង​មណ្ឌល​កំពង់ចាម គណបក្ស “ក” ទទួល​បាន​សំឡេង​គាំទ្រ ៩៦ ០០០​សន្លឹក។ ដើម្បី​កំណត់​ចំនួន​អាសនៈបឋម​របស់គណបក្ស “ក” គេ​ត្រូវ​យក ៩៦ ០០០​ ទៅ​ចែក​នឹង ១០ ០០០។ ដោយ​មិនគិត​ពី​សំណល់ចែក គណបក្ស “ក” ត្រូវ​ទទួលបាន ៩អាសនៈ។

ជំហានទី៣៖ ការបែងចែក​ចំនួន​អាសនៈ​ដែល​នៅ​សល់​ក្នុង​មណ្ឌល

បន្ទាប់​ពី​ការ​កំណត់​ចំនួន​អាសនៈ​បឋម​របស់​គណបក្ស​នីមួយៗ​រួចរាល់​ហើយ ប្រសិនបើ​មាន​នៅ​សល់​​អាសនៈ​ក្នុងមណ្ឌល គេ​ត្រូវ​ធ្វើការ​បែងចែក​អាសនៈ​ដែល​នៅ​សេសសល់​នេះ​ជា​បន្តទៀត ដោយ​ប្រើរូបមន្ត “មធ្យមភាគខ្ពស់បំផុត” ពោលគឺ គេ​ត្រូវ​យក​ចំនួន​សន្លឹកឆ្នោត​បានការ​សរុប ដែល​បោះឲ្យ​គណបក្ស​នីមួយៗ ចែក​នឹង​ចំនួន​អាសនៈ​បឋម ដែល​គណបក្ស​នោះទទួល​បាន តាម​ការ​គណនា​ខាងលើ ដោយ​បន្ថែម​មួយអាសនៈ​ពីលើ។

មធ្យមភាគខ្ពស់បំផុត = ចំនួនសន្លឹកឆ្នោត​ដែល​បោះ​ឲ្យ​គណបក្សមួយ/(អាសនៈបឋម + ១)

ឧទាហរណ៍៖ នៅក្នុង​មណ្ឌល​កំពង់ចាម គណបក្ស “ក” ដែល​ទទួលបាន​សំឡេង​គាំទ្រ ៩៦ ០០០​សន្លឹក មាន​ចំនួន​អាសនៈបឋម ៩អាសនៈ។ នៅ​ក្នុង​ការបែងចែក​ចំនួន​អាសនៈ​ ដែល​នៅ​សេសសល់​ក្នុងមណ្ឌល សម្រាប់​គណបក្ស “ក” គេ​ត្រូវ​យក ៩៦ ០០០ ចែក​នឹង ១០។

បន្ទាប់​ពី​បាន​អនុវត្ត​រូបមន្ត​នេះ សម្រាប់​គ្រប់គណបក្ស​ហើយ គេ​ត្រូវ​ធ្វើការ​ប្រៀបធៀប​លទ្ធផល រវាង​គណបក្ស​នីមួយៗ។ គណបក្ស​ណា ដែល​ទទួលបាន​ផលចែក​ខ្ពស់ជាង​គេ​បង្អស់ (មធ្យមភាគខ្ពស់បំផុត) គឺ​ជា​អ្នក​ទទួល​បាន​អាសនៈ​មួយ​បន្ថែមទៀត។

ក្រោយ​ពី​អាសនៈ​មួយថ្មីនេះ​ត្រូវ​បាន​បែងចែក​ទៅ​ឲ្យ​គណបក្ស ដែល​មាន​មធ្យមភាគខ្ពស់​បំផុត រួចហើយ ប្រសិនបើ​មាន​នៅ​សល់​អាសនៈ​ក្នុងមណ្ឌល​នេះ​ទៀត គេ​ត្រូវ​ធ្វើការ​បែងចែក​អាសនៈ​សេសសល់​នេះ​បន្តទៀត ដោយ​អនុវត្ត​រូបមន្ត​ដដែល ដោយ​លើកនេះ គណបក្ស​ដែល​ទើប​នឹង​បាន​អាសនៈ​បន្ថែម​ក្នុងការ​គណនា​ខាងលើ ត្រូវ​យក​អាសនៈ​ថ្មីបន្ថែម​នេះ មក​គិតបញ្ចូល​​ ក្នុងការ​គណនា​មធ្យមភាគខ្ពស់បំផុតលើកទី២។

ឧទាហរណ៍៖ នៅ​មណ្ឌល​កំពង់ចាម គណបក្ស “ក” ជា​អ្នក​ទទួល​បាន​អាសនៈ​បន្ថែម ក្នុងការ​គណនា​មធ្យមភាគខ្ពស់​បំផុត​លើកទីមួយ។ ចំនួន​អាសនៈ​សរុប​របស់​គណបក្ស​នេះ ត្រូវ​កើនឡើង​ពី ៩អាសនៈ ទៅ ១០​អាសនៈ។ នៅ​ក្នុងការ​គណនា​​មធ្យមភាគខ្ពស់បំផុត​លើកទី២ ដើម្បី​បែងចែក​អាសនៈ​សេសសល់​បន្ត សម្រាប់​គណបក្ស “ក” គេ​ត្រូវ​យក​ចំនួន​សន្លឹកឆ្នោត​បានការ​សរុប ដែល​គណបក្ស​នេះ​ទទួល​បាន គឺ ៩៦ ០០០​សន្លឹក ចែក​នឹង​១១​អាសនៈ។

ការគណនា​បែបនេះ​ត្រូវ​ធ្វើជា​បន្តបន្ទាប់​ រហូត​ទាល់តែ​ចំនួន​អាសនៈ ដែល​នៅ​សេសសល់ ក្នុង​មណ្ឌល ត្រូវ​ធ្វើការ​បែងចែក​អស់។

ជាទូទៅ គេ​សង្កេតឃើញ​ថា ការ​គណនា​ដោយ​ប្រើ​រូបមន្ត “មធ្យមភាគខ្ពស់បំផុត”​ នេះ ចំនួន​អាសនៈ​ដែល​នៅសេសសល់​ក្នុងមណ្ឌល​បោះឆ្នោត ច្រើន​តែ​បាន​ទៅ​គណបក្ស ដែល​ទទួលបាន​សំឡេង​ឆ្នោត​សរុប​ច្រើន​ជាងគេ ក្នុងមណ្ឌលនេះ។ ហេតុដូច្នេះ​ហើយបាន​ជា​មាន​ការ​រិះគន់​ថា រូបមន្ត “មធ្យមភាគខ្ពស់បំផុត” នេះ ផ្តល់​ផលប្រយោជន៍​ដល់​តែ​គណបក្ស​ធំៗ៕


ទង្វើ

Information

5 responses

31 07 2013
hul niran

Thank you hey good luck
On Jul 31, 2013 12:00 PM, កំនត់ហេតុខ្ញុំ
wrote:

> **
> វិសាល posted: “ពីRFI៖
> របៀប​គណនា​ចំនួន​អាសនៈ​ក្នុង​ការ​បោះឆ្នោត​តំណាងរាស្រ្ត​កម្ពុជា (ដោយ សេង
> ឌីណា) នៅ​កម្ពុជា ការ​បោះឆ្នោត​តំណាងរាស្រ្ត
> គឺ​ជា​ការ​បោះឆ្នោត​តាម​ប្រព័ន្ធ​សមាមាត្រ។
> ពលរដ្ឋ​កម្ពុជា​មិន​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ណាមួយ​ឲ្យ​ធ្វើ​ជា​តំណាង​រាស្រ្ត​នោះទេ
> ក៏ប៉ុន”

31 07 2013
តា ម៉ាប់

គួរតែគណនាតាមរបៀបអ៊ុនតាក់ !

8 08 2013
វិសាល

កាលនុងគេគណនារបៀបម៉េច? អត់ដែលដឹង…

8 08 2013
តា ម៉ាប់

ដឹងតែខុសពីឥឡូវ😀

9 08 2013
វិសាល

ឆ្មានតាដឹង😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: