អរិយធម៌​អាស៊ីអាគ្នេយ៍៖ ភាពរុងរឿង​នៃ​អាណាចក្រ​ខ្មែរ​សម័យ​អង្គរ

10 09 2013

ពីRFI៖ អរិយធម៌​អាស៊ីអាគ្នេយ៍៖ ភាពរុងរឿង​នៃ​អាណាចក្រ​ខ្មែរ​សម័យ​អង្គរ ដោយ សេង ឌីណា

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​ងាកចេញ​ពី​តំបន់​អឺរ៉ុប និង​មេឌីទែរ៉ាណេ មក​ផ្តោត​លើ​អរិយធម៌​នៃ​តំបន់​អាស៊ីអាគ្នេយ៍​វិញ​ម្តង ជាពិសេស គឺ​ការ​ងើបឡើង​នៃ​អាណាចក្រ​ខ្មែរ នៅ​សតវត្សរ៍​ទី៩។

នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី៩​ នៅ​ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ឆ្លងកាត់​នូវ​យុគខ្មៅ​ងងឹត ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម ហើយ​ចក្រភព​អារ៉ាប់​កំពុង​ស្គាល់​ភាព​រុងរឿង វាតទី​កាន់កាប់ទឹកដី​នៅ​ប៉ែកខាងត្បូង និង​ខាង​កើត​នៃ​តំបន់​មេឌីទែរ៉ាណេ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ឯណោះវិញ អាណាចក្រ​មួយ​ក៏​កំពុង​តែ​ងើបឡើង និង​ស្គាល់​ភាព​រុងរឿង​ខ្លាំង​ដែរ នោះគឺ អាណាចក្រ​ខ្មែរ។

តាមរយៈ​ការសិក្សា​របស់​អ្នក​បុរាណវិទ្យា គេរកឃើញ​ថា នៅ​ត្រង់​ទឹកដី​នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ មាន​មនុស្ស​រស់នៅ​ដើមដំបូង តាំង​ពី​ប្រមាណ​ជា ៤២០០ឆ្នាំ​មុន​គ.ស ពោលគឺ ប្រមាណ​ជា​ជាង ៦ពាន់​ឆ្នាំមុន​សម័យកាល​បច្ចុប្បន្ន។ ប្រជាជន​នៅ​តំបន់​នេះ​បាន​ចាប់ផ្តើម​ងាកចេញ​ពី​ការរស់​នៅ​បែប​បុរេ​ប្រវត្តិ មក​​ចាប់​ប្រកបរបរ​កសិកម្ម រួចហើយ​​បន្តិចម្តង​បាន​បង្កើត​ទៅ​ជា​រដ្ឋមួយឡើង នៅ​អំឡុង​សតវត្សរ៍​ទី១​គ.ស គឺ​នគរ​​គោកធ្លក (ឬ​នគរ​ភ្នំ ) ដែល​ក្នុង​ឯកសារ​ចិន​ហៅ​ក្លាយ​មក​ជា “ហ៊្វូណន”។

ដំណើររឿង​នៃ​ការ​កកើត​នគរ​គោកធ្លក ឬ​ហ៊្វូណន ត្រូវបានគេ​ដំណាល​ជា​លក្ខណៈ​រឿង​ព្រេង និង​មាន​កត់ត្រា​ទុក​ក្នុង​សិលាចារឹក​និងក្នុង​​ឯកសារ​ចិន។ តាមដំណើររឿងព្រេង នៅ​ក្នុង​ទំនៀមទម្លាប់​ប្រពៃណីខ្មែរ ការកកើត​នៃ​នគរគោកធ្លក ចាប់ផ្តើម​ពី​អាពាហ៍ពិពាហ៍ រវាង​ព្រះថោង ដែល​ជា​ក្សត្រ​មក​ពី​ឥណ្ឌា និង​នាងនាគ ដែល​ជា​ម្ចាស់ស្រុក។

ក៏ប៉ុន្តែ នៅ​ក្នុង​សិលាចារឹក​ជា​ភាសា​សំស្ក្រឹត គេ​បាន​រកឃើញ​នូវ​កំណត់ត្រា​អំពី​ដំណើររឿង នៃ​អាពាហ៍ពិពាហ៍​ រវាង​ម្ចាស់ស្រុក គឺ​ព្រះនាង​សោមា ជាមួយ​នឹង​ព្រាហ្មណ៍​​ម្នាក់​ឈ្មោះ កោណ្ឌញ្ញ ដែល​ធ្វើ​ដំណើរ​តាមទូក​ មកពីទិស​ខាង​ត្បូង​ (អាចមក​ពីកោះជ្វា ឬ​ស៊ូម៉ាត្រា)។ ចំណែក​ឯកសារ​ចិន​វិញ​​មាន​កត់ត្រា អំពី​​​​អាពាហ៍ពិពាហ៍​រវាង​ព្រះបាទ​ហ៊ុនទៀន និង​ព្រះនាង​លីវយី។

អ្នកប្រាជ្ញ​ខ្លះ​យល់ថា ដំណើររឿង​ទាំង៣ខាងលើនេះ គឺ​ជា​រឿង​តែមួយ គ្រាន់តែ​មាន​ការ​កត់ត្រា​ឈ្មោះ​ខុសៗគ្នា។ ក៏ប៉ុន្តែ អ្នក​ខ្លះ​ទៀត យល់ថា រឿង​នេះ​អាច​ជា​ដំណើររឿង ផ្សេងគ្នា ដែល​កើតឡើង​នៅ​ក្នុង​ទឹកដី​ខ្មែរដូចគ្នា ប៉ុន្តែ ក្នុង​កាលវេលា​ខុសគ្នា។

នគរហ៊្វូណន​មាន​រាជធានី​នៅ​ម្តុំ​ បាភ្នំ (ខេត្ត​ព្រៃវែង​បច្ចុប្បន្ន) ហើយមាន​​វប្បធម៌​លាយ​ចម្រុះ​គ្នា រវាង​វប្បធម៌​របស់​ជនជាតិ​ខ្មែរ​ដើម និង​វប្បធម៌​ទទួល​ឥទ្ធិពល​ពីឥណ្ឌា។ សាសនា​ក៏ដូចគ្នា​ដែរ។ ប្រជារាស្រ្ត​នៃហ៊្វូណនគោរព​តាម​ជំនឿ​​សាសនា​ដើម​របស់​ខ្លួនផង ដែល​គេហៅថា សាសនា​អ្នកតា និង​តាម​ជំនឿ​សាសនា​ពី​ឥណ្ឌា​ផង គឺ​ដំបូង​ព្រហ្មញ្ញសាសនា​ និង​បន្ទាប់មកទៀតពុទ្ធសាសនា។

តាមពិត ហ៊្វូណន​​គឺ​ជា​អាណាចក្រ​មួយ ដែល​មាន​នគរ​ច្រើនជា​ចំណុះ។ នគរ​ទាំងនេះ​​​គ្រប់គ្រង​ដោយ​ក្សត្រផ្សេងគ្នា ​មាន​ឯករាជ​ដាច់ចេញ​ពីគ្នា ហើយ​ពេល​ខ្លះ ថែម​ទាំង​​ធ្វើ​សង្រ្គាម​រវាង​គ្នា​ទៀតផង គឺ​​ដូចជា សង្រ្គាម​រវាង​ស្តេចត្រាញ់ នៅ​តំបន់​អឺរ៉ុប ក្នុង​យុគសម័យ​កណ្តាល ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម​ដូច្នោះដែរ។

នៅ​ក្នុង​អាណាចក្រ​ហ៊្វូណន គេឃើញ​មាននគរ​ពីរ ដែល​មាន​ការ​ប្រកួតប្រជែងគ្នា​ខ្លាំង​ជាងគេ គឺ​មួយ​មាន​រាជធានី​នៅ​វយធបុរៈ (នៅត្រង់​ព្រៃកប្បាស​បច្ចុប្បន្ន) និង​មួយទៀត មាន​រាជធានី​នៅ​សម្ភុបុរៈ (ត្រង់​ស្រុក​សម្បូរ ខេត្ត​ក្រចេះ​បច្ចុប្បន្ន)។

នៅ​សតវត្សរ៍​ទី៥ នគរ​វយធបុរៈ​បាន​វាយដណ្តើម​កាន់កាប់​សម្ភុបុរៈ​ ហើយ​បញ្ចូលគ្នា​បង្កើត​ទៅជា​នគរ​ធំមួយ ដែល​មាន​អំណាច​យ៉ាង​ខ្លាំង រហូត​​ក្រោយ​មកទៀត ឈាន​ទៅ​​​ដណ្តើម​កាន់កាប់​​ដែនដី​នៃ​នគរហ៊្វូណន​ទាំងមូល។ នគរហ៊្វូណន​ត្រូវ​ដួលរលំ ហើយ​ជំនួស​មកវិញ ដោយ​នគរ​ថ្មីមួយទៀត ដែល​នៅ​ក្នុង​ឯកសារ​ចិន​ដាក់​ឈ្មោះ​ឲ្យ​ថា “ចេនឡា” ហើយ​ដែល​ក្រោយមក​បាន​ក្លាយ​ទៅជា​អាណាចក្រ​ខ្មែរ។

នៅសតវត្សរ៍ទី៧ ក្រោយ​ការ​ចូលទីវង្គត​របស់​ព្រះបាទ​ជ័យវរ្ម័នទី១ រាជាណាចក្រ​កម្ពុជា ដែលចិន​ហៅ​ថា ចេនឡា ត្រូវ​បាន​បំបែក​ជា​​នគរ​ពីរ ដូចកាល​ពី​សម័យ​ហ៊្វូណន​វិញ គឺ​នគរ​វយធបុរៈ ដែល​ចិនហៅថា “ចេនឡា​ទឹក” និង​នគរ​សម្ភុបុរៈ ដែល​ចិន​ហៅ​ថា “ចេនឡាគោក”។ ចេនឡាទឹក​មាន​ទឹកដី​នៅ​ត្រង់​ម្តុំ​កម្ពុជា​ក្រោម​សព្វថ្ងៃ ចំណែក​ឯ​ចេនឡា​គោក មាន​ទឹកដី​នៅ​ត្រង់​ម្តុំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ហើយ​លាតសន្ធឹង​ដល់​ជួរភ្នំ​ដងរែក។ ក៏ប៉ុន្តែ ការបែងចែក​នគរ​ចេនឡា​ជាពីរ​នៅពេលនោះ ប្រហែល​ជា​ធ្វើឡើង គ្រាន់តែដើម្បី​ចែកគ្នា​គ្រប់គ្រង​តែប៉ុណ្ណោះ។ ចេនឡា​ទាំងពីរ ​មិនមែន​ជាសត្រូវ​នឹងគ្នា ដូច​ជា​កាលពី​នគរវយធបុរៈ និង​សម្ភុបុរៈ កាល​ពី​​នៅក្នុង​សម័យកាល​​នគរហ៊្វូណន​នោះទេ។

រហូតដល់​ដើមសតវត្សរ៍​ទី៩ ចេនឡា​ទាំងពីរ​ក៏​បាន​បង្រួបបង្រួម​គ្នា​ជា​នគរ​តែមួយ​ឡើងវិញ ក្រោមការដឹកនាំ​របស់​ព្រះបាទ​ជ័យវរ្ម័នទី២ ដែល​បាន​ឡើង​គ្រងរាជ្យ នៅ​ឆ្នាំ​៨០២។ ថ្វីដ្បិត​តែ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត ព្រះបាទ​ជ័យវរ្ម័នទី២​មិនសូវ​មាន​កិត្តិនាម​ល្បី ដូចជា ព្រះបាទ​ជ័យវរ្ម័នទី៧ ក៏ប៉ុន្តែ ព្រះអង្គ​ត្រូវបានអ្នក​ប្រវត្តិសាស្រ្ត​​​ចាត់ទុកថា​ជា​ក្សត្រ​ដំបូងបង្អស់ ដែល​បាន​ស្ថាបនា​អាណាចក្រ​ខ្មែរ​រួបរួមគ្នា​មួយ ដែល​ក្រោយមកទៀត ​បាន​ស្គាល់​នូវ​ភាពរុងរឿង​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ខ្មែរ។ ​ឆ្នាំ​៨០២ ដែល​​​ព្រះបាទ​ជ័យវរ្ម័នទី២ ​ឡើង​គ្រងរាជ្យ ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​ទូទៅ​កំណត់​ថា​ជា​ចំណុច​ចាប់ផ្តើម​នៃ​សម័យអង្គរ​ ដែល​ជា​សម័យកាល​ដ៏រុងរឿង​បំផុត​នៃ​អាណាចក្រ​ខ្មែរ។

ក្នុងរយៈពេល​ប្រមាណ​ជា​ជាង ៦០០ឆ្នាំ​ ចាប់តាំង​ពី​ដើម​សតវត្សរ៍​ទី៩ រហូតដល់​ពាក់កណ្តាល​សតវត្សរ៍ទី១៥ អាណាចក្រ​ខ្មែរ​​បាន​ស្គាល់​នូវភាពរុងរឿង​ ក្នុងឋានៈ​ជា​មហាអំណាច នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នៅ​ក្នុង​អំឡុង​ពេលនោះ អាណាចក្រ​ខ្មែរ​​បាន​គ្រប់គ្រង​ទឹកដី​ដ៏ធំ ដែលគ្របដណ្តប់​លើ​ទឹកដី​កម្ពុជា​ ថៃ ឡាវ និង​ប៉ែក​ខាង​ត្បូង​ប្រទេស​វៀតណាម​បច្ចុប្បន្ន។ ព្រំដែន​នៃ​អាណាចក្រ​ខ្មែរ​លាតសន្ធឹង​រហូតទៅដល់​ប្រទេស​ចិន នៅ​ប៉ែក​ខាង​ជើង ភូមា នៅប៉ែក​ខាង​លិច ម៉ាឡេស៊ី នៅប៉ែក​ខាង​ត្បូង និង​នគរ​ចម្ប៉ា នៅ​ខាងកើត។

នៅ​ក្នុង​កំណត់ត្រា​របស់​ពួកអារ៉ាប់ នៅ​ចន្លោះ​ពីសតវត្សរ៍ទី៩ និង​សតវត្សរ៍​ទី១០ គេឃើញ​ថា កាលណា​និយាយ​ពី​តំបន់​អឺរ៉ុប ពួកអារ៉ាប់តែងតែ​លើកឡើង​ពី​ការ​ធ្លាក់ដុនដាប​ ក្នុង​យុគខ្មៅងងឹត ក៏ប៉ុន្តែ ពួកអារ៉ាប់​បាន​​ចាត់ទុក​តំបន់​អាស៊ីអាគ្នេយ៍ថា​ស្ថិត​ក្នុង​​តំបន់​ដែល​មាន​ភាព​រុងរឿង​បំផុត នៅលើ​ពិភពលោក នៅ​ក្នុង​អំឡុង​ពេលនោះ។

ក៏ប៉ុន្តែ ជម្លោះ​ផ្ទៃក្នុង ជាពិសេស ជម្លោះ​ដណ្តើម​រាជ្យបល្ល័ង្ក បូករួម​ជាមួយ​នឹង​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង បាន​ធ្វើ​ឲ្យ​អាណាចក្រ​ខ្មែរ​ត្រូវ​ធ្លាក់ចុះ​ខ្សោយ​ជាបន្តបន្ទាប់ ហើយទឹកដី​កាន់តែ​រួញតូច។

ជាទូទៅ អ្នកប្រវត្តិសាស្រ្ត​បាន​កំណត់​ថា សម័យកាល​រុងរឿង​នៃ​អាណាចក្រ​ខ្មែរ​បាន​ចាប់ផ្តើម​ពី​ឆ្នាំ​៨០២ ជាមួយនឹង​ការ​ឡើងគ្រងរាជ្យ​នៃ​ព្រះបាទ​ជ័យវរ្ម័ន​ទី២ និង​បញ្ចប់នៅ​ត្រឹម​ឆ្នាំ​១៤៣១ នៅ​ពេល​ដែល​​ព្រះបាទ​ស្រីសុរិយោពណ៌ (ឬចៅពញាយ៉ាត) សម្រេច​ចិត្ត​បោះបង់​រាជធានី​អង្គរចោល ហើយ​​ទៅតាំង​រាជធានី​នៅស្រីសន្ធរ និង​បន្ទាប់​មក​នៅ​​ភ្នំពេញវិញ ដើម្បី​គេចចេញ​ពី​ការឈ្លានពាន​របស់​កងទ័ព​សៀម៕


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: