យឺបារី៖ ពី​១២​ម៉ឺន​មក​ត្រឹម​១​ម៉ឺន​នាក់​​ក្នុង​រយៈពេល​៥០​ឆ្នាំ

17 10 2014

យឺបារី​(Yūbari)​ជា​ក្រុង​មួយ​ស្ថិត​នៅ​កោះ​​ហុកកៃដូ ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន។ តាម​ស្ថិតិ​នា​ថ្ងៃ​ទី​៣១​មីនា​ឆ្នាំ​២០១២ ក្រុង​យឺបារី​មាន​ប្រជាជន​សរុប​ចំនួន​១០៤៧១​នាក់។ នៅ​ឆ្នាំ​១៩៦០ ក្រុង​យឺបារី​ធ្លាប់​មាន​ប្រជាជន​រហូត​ដល់​ទៅ​១២០០០០​នាក់ ដែល​ជា​ពេល​ដែល​ក្រុង​យឺបារី​មាន​ចំនួន​ប្រជាជន​អតិបរា និង​ថយ​ចុះ​មក​ត្រឹម​២១០០០​នាក់​នៅ​ឆ្នាំ​១៩៩០។ ពោល​គឺ​ក្នុង​រយៈពេល​ប្រមាណ​តែ​៥០​ឆ្នាំ​ប៉ុណ្ណោះ​ ក្រុង​យឺបារី​បាន​ថយ​ចុះ​ចំនួន​ប្រជាជន​ប្រមាណ​ជា​៩០%​នៃ​ប្រជាជន​សរុប​របស់​ខ្លួន។

ក្រុង​យឺបារី​គឺ​​ជា​ក្រុង​​មួយ​ដែល​ល្បី​ដោយ​សារ​ផ្លែ​មិឡុង​(Yubari Melon)​ដ៏​ឆ្ងាញ់។ យឺបារី​ក៏​​គឺ​ជា​ក្រុង​ដែល​ចាស់​ជាង​គេ​បំផុត​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ។ លើស​ពីនេះ​ទៅ​ទៀត​យឺបារី​គឺ​ប្រហែល​ជា​ក្រុង​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​នេះ​ដែល​មាន​មេដ្យាន​ប្រជាជន​​ខ្ពស់​រហូត​ដល់​៥៧​ឆ្នាំ​(២០១០)។ នៅ​ឆ្នាំ​២០២០​ខាង​មុខ មេដ្យាន​ប្រជាជន​នឹង​កើន​ដល់​៦៥​ឆ្នាំ ហើយ​ពេល​នោះ ចំនួន​ប្រជាជន​ដែល​មាន​អាយុ​ច្រើន​ជាង​៨០​ឆ្នាំ​នឹង​ច្រើន​ជាង​ចំនួន​ប្រជាជន​​ដែល​មាន​អាយុ​ក្រោម​​៤០​​ឆ្នាំ។ សព្វ​ថ្ងៃ​ក្នុង​ចំនោម​ប្រជាជន​២០​នាក់ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ។

yubari

ទីតាំងក្រុងយឺបារី

yubari melon

មិឡុងយឺបារី

yubari city1

ក្រុងយឺបារីដឺសែនស្ងាត់

yubari city2

យឺបារី ក្រុងដែលមានចំនួនមនុស្សចាស់ដ៏ច្រើន

yubari city3

យឺបារី ក្រុងដែលមានចំនួនក្មេងតិចតួច

អានផងដែរ៖
Yūbari, Hokkaido
Yubari, Japan: a city learns how to die





រដ្ឋាភិបាល​លើក​សំនើរ​ថ្មី​ក្នុង​ការ​កែប្រែ​ច្បាប់​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​រាជ​វង្ស​ជប៉ុន

7 10 2012

ដូច​ដែល​បាន​និយាយ​នៅ​ក្នុង​ប្រកាស វិបត្តិ​ក្នុង​រាជ​វង្ស​ជប៉ុន៖ បុត្រា​តិច បុត្រី​ច្រើន អំពី​វិបត្តិ​នៅ​ក្នុង​រាជ​វង្ស​ជប៉ុន ក្នុង​ការ​កែ​ប្រែ​ច្បាប់​ដើម្បី​អោយ​បុត្រី​ដែល​មាន​ខ្សែ​ស្រលាយ​រាជ​វង្ស​នៅ​តែ​រក្សា​ខ្សែ​រាជ​វង្ស​ដដែល​ក្រោយ​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​នឹង​ប្រជាជន​សាមញ្ញ។ នៅ​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ រដ្ឋា​ភិបាល​ជប៉ុន​បាន​លើក​យក​បញ្ហា​នេះ​មក​ពិភាក្សា​ជា​ថ្មី​ម្តង​ទៀត។ នៅ​លើក​នេះ​រដ្ឋា​ភិបាល​បាន​លើក​ជា​សំនើរ​ដោយ​គួរ​តែ​អនុញ្ញាតិ​អោយ​តែ​បុត្រី​និង​ចៅ​ស្រី​របស់​ព្រះ​ចៅ​អធិរាជ​សព្វ​ថ្ងៃ​ប៉ុណ្ណោះ​ដែល​ក្រោយ​រៀប​អាពាហ៍​ពិពាហ៍​ហើយ​នៅ​តែ​ទទួល​សិទ្ធិ​ជា​ខ្សែ​រាជ​វង្ស​ដដែល។ ក្នុង​ចំនោម​ក្សត្រិយ៍​ទាំង​៨​អង្គ​គឺ​មាន​៣​​អង្គ​ដែល​ត្រូវ​បាន​គិត​​បញ្ចូល​ទៅ​ក្នុង​លក្ខ​ខណ្ឌ​ខាង​លើ​នេះ​ គឺ​ក្សត្រិយ៍​អៃកុ​(Princess Aiko) ក្សត្រិយ៍​​កាកុ​(Princess Kako) ​ក្សត្រិយ៍​​ម៉ាកុ​(Princess Mako)។ នៅ​ក្នុង​នោះ​ដែរ​ បញ្ហា​មួយ​ទៀត​ត្រូវ​បាន​លើក​ឡើង ក្នុង​ករណី​ដែល​សំនើរ​ខាង​លើ​ត្រូវ​បាន​ទទួល​ការ​យល់​ព្រម តើ​ស្វាមី​និង​បុត្រ​របស់​ក្សត្រិយ៍​អង្គ​នោះ​នឹង​ទទួល​បាន​សិទ្ធិ​ជា​ខ្សែ​រាជ​វង្ស​ឬ​ក៏​អត់? គេ​នឹង​ចំនាយ​ពេល​វេលា​ប្រមាណ​ជា​២​ខែ​ ដើម្បី​ធ្វើ​ការ​ស្ទង់​មតិ​ពី​សំណាក់​ប្រជាជន​ជប៉ុន ថា​តើ​ពួក​គេ​យល់​ព្រម​ឬ​មិន​យល់​ព្រម​ចំពោះ​សំនើរ​នេះ​ មុន​នឹង​គេ​សំរេច​វា​ជា​ចុង​ក្រោយ។


ឆ្វេងទៅស្តាំ៖ ក្សត្រិយ៍​អៃកុ​(Princess Aiko) ក្សត្រិយ៍​​ម៉ាកុ​(Princess Mako) ក្សត្រិយ៍​​កាកុ​(Princess Kako)

អានផងដែរ៖ វិបត្តិក្នុងរាជវង្សជប៉ុន៖ បុត្រាតិច បុត្រីច្រើន





តួអក្សរកាន់ជិប្រចាំឆ្នាំ២០១១

12 12 2011

ឆ្នាំ​នេះ​ក៏​ដូច​ជា​រៀង​រាល់​ឆ្នាំ​ដែរ​ តួ​អក្សរ​កាន់​ជិ​(Kanji)​មួយ​តួ នឹង​ត្រូវ​បាន​ជ្រើស​រើស​សំរាប់​បង្ហាញ​ពី​ប្រទេស​ជប៉ុន​ក្នុង​រយៈ​​ពេល​មួយ​ឆ្នាំៗ។ នៅ​​ឆ្នាំ​២០១១​នេះ តួ​អក្សរ “絆” (អាន​ថា៖ គិហ្ស៊ឹណា​(Kizuna)) ដែល​មាន​ន័យ​ថា​ចំនង​ភ្ជាប់​គ្នា(Bonds) ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​តួ​អក្សរ​កាន់​ជិ​ប្រចាំ​ឆ្នាំ។ មិន​ពិបាក​យល់​ទេ​ដែល​ថា​ហេតុ​អ្វី​ ដែល​តួ​អក្សរ​មួយ​នេះ​ត្រូវ​បាន​ជ្រើស​រើស​នោះ។ តួ​អក្សរ​មួយ​នេះ​ គឺ​បង្ហាញ​ពី​ភាព​រួប​រួម​សាមគ្គី​គ្នា​ នៃ​ប្រទេស​ជប៉ុន​និង​សាកល​លោក​ នា​មហា​គ្រោះ​មហន្ត​រាយ​ថ្ងៃ​១១​មីនា។ ហើយ​លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​បង្ហាញ​ពី​ភាព​រួប​រួម​គ្នា​ ដែល​អាច​នាំ​អោយ​ក្រុម​បាល់​ទាត់​ជំរើស​ជាតិ​នារី​ជប៉ុន​លើក​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​នារី​ នា​ឆ្នាំ​នេះ​ដែរ។

ការ​ជ្រើស​រើស​តួ​អក្សរ​កាន់​ជិ​នេះ គឺ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ថ្ងៃ​១២​ខែ​ធ្នូ​(ថ្ងៃ​នៃ​តួ​អក្សរ​កាន់ជិ) ចាប់​​តាំង​ពី​ឆ្នាំ​១៩៩៥​មក។ ក្រោយ​ពី​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តួ​អក្សរ​កាន់ជិ​ណា​មួយ​ហើយ គេ​នឹង​សរសេរ​វា​បង្ហាញ​ជា​​សាធារណៈ​ ​នៅ​​វត្ត​ព្រះ​ពុទ្ធ​សាសនា​មួយ​ឈ្មោះ​គិយ៉ុមិហ្ស៊ឹ​(Kiyomizu) នា​ទី​ក្រុង​ក្យូតុ។





វិបត្តិក្នុងរាជវង្សជប៉ុន៖ បុត្រាតិច បុត្រីច្រើន

3 12 2011


(ក្សត្រិយ៍អៃកុ-ថ្ងៃទី២៣វិច្ឆិកា២០១១)

នៅ​ថ្ងៃ​​ព្រហស្បតិ៍​ម្សិល​មិញ​នេះ គឺ​ជា​ថ្ងៃ​ខួប​កំនើត​គំរប់​១០​ឆ្នាំ​របស់​អៃកុ​(​Aiko) ដែល​ជា​បុត្រី​តែ​មួយ​គត់​របស់​រជ្ជ​ទាយាទ​ជប៉ុន​អាគីហ៊ីតុ​(Akihito) (ត្រូវ​ជា​ចៅ​របស់​អធិរាជ​ជប៉ុន​សព្វ​ថ្ងៃ)។ នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​នៅ​ក្នុង​រាជ​វង្ស​ជប៉ុន​ដែរ គឺ​វិបត្តិ​នៃ​ចំនួន​ក្សត្រិយ៍​ជា​ច្រើនអង្គ​​ដែល​​មិន​ទាន់​រៀប​អាពាហ៍​ពិពាហ៍។ តាម​ពិត​ទៅ​កាល​ពី​មុន​កំនើត​បុត្រា​ហ៊ីសាហ៊ីតុ​​(Hisahito) រាជ​វង្ស​ជប៉ុន​ក៏​ជួប​វិបត្តិ​​មួយ​យ៉ាង​​ធំ​​​ដែរ គឺ​វិបត្តិ​ខ្វះ​បុត្រា​ស្នង​រាជ្យ​សម្បត្តិ។

១. វិបត្តិក្សត្រិយ៍​ច្រើន​អង្គ​​មិន​ទាន់​រៀប​អាពាហ៍​ពិពាហ៍
នៅ​ក្នុង​ច្បាប់​របស់​ប្រទេស​ជប៉ុនបាន​ចែង​ថា ​ក្នុង​ករណី​ដែល​ក្សត្រិយ៍​នៃ​រាជ​វង្ស​ស្តេច​ទៅ​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​នឹង​ប្រជាជន​សាមញ្ញ ដែល​មិន​ជាប់​ខ្សែ​ស្រលាយ​រាជ​វង្ស ក្រោយ​អាពាហ៍​ពិពាហ៍ ក្សត្រិយ៍​អង្គ​នោះ​នឹង​ក្លាយ​ទៅ​ជា​ប្រជា​រាស្រ្ត​សាមញ្ញ។ បច្ចុប្បន្ន​នេះ​ ក្នុង​ចំនោម​រាជ​វង្ស​ជប៉ុន​សព្វ​ថ្ងៃ​២៣​អង្គ​ គឺមាន​ក្សត្រិយ៍​៨​អង្គ​ទៅ​ហើយ ដែល​មិន​ទាន់​រៀប​អាពាហ៍​ពិពាហ៍ ហើយ​បើ​និយាយ​អោយ​អស់​ទៅ​ ក៏​​គ្មាន​អ្នក​ដែល​ត្រូវ​រៀប​ការ​ជា​មួយ​ដើម្បី​រក្សា​ខ្សែ​ស្រលាយ​រាជ​វង្ស​ដែរ។ ក្រលេក​មើល​ក្នុង​តារាង​ខាង​ក្រោម​ អ្នក​នឹង​យល់​ច្បាស់​ពី​បញ្ហា​នេះ។ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​បាន​លើក​ឡើង​ពី​បញ្ហា​នេះ គឺ​ក្នុង​បំនង​ចង់​អោយ​មាន​ការ​កែ​ប្រែ​នូវ​ច្បាប់​នេះ​ឡើង​វិញ ប៉ុន្តែ​គាត់​មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ ថា​ពេល​ណា​នឹង​ធ្វើ​ការ​ពិភាក្សា​អំពី​ការ​ធ្វើ​កំនែ​ទំរង់​ច្បាប់​នេះ​ទេ។
(ចុចលើរូបខាង​ក្រោម​ដើម្បី​អាច​មើល​ឃើញ​ច្បាស់)

បញ្ជាក់៖
***អក្សរ​ដិត​មាន​ន័យ​ថា​ខ្សែ​រាជ​វង្ស​ដែល​នៅ​មាន​ព្រះជន្ម
***អក្សរ​ធម្មតា​មាន​ន័យ​ថា​បាត់​​បង់​ព្រះជន្ម​ហើយ
***អក្សរ​ទ្រេត​មាន​ន័យ​ថា​លែង​មាន​ខ្សែ​ស្រលាយ​រាជវង្ស​ទៀត​ហើយ។

២. វិបត្តិខ្វះបុត្រាស្នងរាជ្យ
មុន​ការ​ប្រសូត្រ​បុត្រា​ហ៊ីសាហ៊ីតុ នា​ឆ្នាំ​២០០៦ វិបត្តិ​គ្មាន​អ្នក​ស្នង​រាជ​សម្បត្តិ​បន្ត​ បាន​ចោទ​ជា​បញ្ហា​យ៉ាង​ខ្លាំង​នៅ​ក្នុង​រាជវង្ស​ជប៉ុន ក៏​ព្រោះ​តែ​បុត្រា​ទាំង​ពីរ​ នៃ​អធិរាជ​ជប៉ុន​សព្វ​ថ្ងៃ​គ្មាន​បុត្រា​ មាន​តែ​បុត្រី។ ក្នុង​ច្បាប់ គឺ​មាន​តែ​បុត្រា​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បន្ត​ស្នង​រាជ​សម្បត្តិ។ ក្នុង​ពេល​នោះ​គឺ​គេ​មាន​បំនង​ធ្វើ​ការ​កែ​ប្រែ​នូវ​ច្បាប់​នេះ ដោយ​អនុញ្ញាត្តិ​អោយ​បុត្រី​របស់​រជ្ជ​ទាយាទ​អាគីហ៊ីតុ គឺ​ក្សត្រិយ៍​អៃកុ គ្រង​រាជ្យ​បន្ត។ ក្រោយ​មក​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០០៦ ក្រោយ​ពី​មាន​ការ​ប្រកាស​ថា​ក្សត្រិយ៍​​អាគីស៊ីណុ(Akishino) ប្អូន​ស្រី​ថ្លៃ​របស់​រជ្ជ​ទាយាទ​អាគីហ៊ីតុ នឹង​ប្រសូត្រ​បុត្រា​ទី​៣ អ្វី​ៗ​ក៏​មាន​ភាព​ប្រសើរ​ឡើង​វិញ។ នៅ​ថ្ងៃ​ទី​២​ខែ​កញ្ញា​ឆ្នាំ​២០០៦ ក្សត្រិយ៍​ម៉ាសាកុ​ ក៏​ប្រសូត្រ​បាន​បុត្រា​មួយ​អង្គ​គឺ​ហ៊ីសាហ៊ីតុ។ បច្ចុប្បន្ន​ហ៊ីសាហ៊ីតុ គឺ​ស្ថិត​នៅ​ក្នុង​លេខ​រៀង​ទី​៣​ ដែល​ត្រូវ​គ្រង​រាជ្យ​បន្ត​បន្ទាប់​ពី​រជ្ជ​ទាយាទ​អាគីហ៊ីតុ និង​បិតា​របស់​ខ្លួន​គឺ​ព្រះ​អង្គ​ម្ចាស់​​អាគីស៊ីណុ​(Akishino)។

រាជវង្សរបស់អធិរាជជប៉ុនសព្វថ្ងៃទាំង១០អង្គ(ក្នុងឆ្នាំ២០០៨)


អង្គុយពីឆ្វេងទៅស្តាំ៖ ក្សត្រិយ៍​ម៉ាសាកុ​(Crown Princess Masako), ម្ចាស់​ក្សត្រិយ៍​អៃកុ​(Princess Aiko), ព្រះ​អង្គ​ម្ចាស់​ណារឹហ៊ីតុ​(Crown Prince Naruhito), អធិរាជ​អាគីហ៊ីតុ​(Emperor Akihito), អធិរាជិនី​មីឈីកុ​(Empress Michiko), ព្រះ​អង្គ​ម្ចាស់​អាគីស៊ីណុ​(Prince Akishino), ព្រះ​អង្គ​ម្ចាស់​ហ៊ីសាហ៊ីតុ​(Prince Hisahito), ម្ចាស់​ក្សត្រិយ៍​អាគីស៊ីណុ​(Princess Akishino)
ឈរពីឆ្វេងទៅស្តាំ៖ ម្ចាស់​ក្សត្រិយ៍​កាកុ(Princess Kako) និង​ម្ចាស់​ក្សត្រិយ៍​ម៉ាកុ(Princess Mako)

គួរ​បញ្ជាក់​ផង​ដែរ​ថា រាជ​វង្ស​ជប៉ុន​ត្រូវ​គេ​ចាត់​ទុក​ថា​ ជា​ខ្សែ​រាជ​វង្ស​ដែល​មាន​អាយុ​កាល​ចំនាស់​ជាង​គេ​ក្នុង​ពិភព​លោក គឺ​ចាប់​តាំង​ឆ្នាំ​៦៦០​មុន​គ.ស​​ មក​ម្លេះ។ ចុច​ទីនេះ​ដើម្បី​ចូល​ទៅ​មើល​ខ្សែ​ស្រលាយ​របស់​រាជ​វង្ស​ជប៉ុន​តាំង​ពី​សម័យ​មុន​រហូត​ដល់​សព្វ​ថ្ងៃ។

ខាងក្រោមនេះជាវិដេអូមួយចំនួនរបស់រាជវង្សជប៉ុន៖

(អៃកុ រៀនជិះកង់)





Spinning Top

26 01 2011

ប្រដាប់​លេង​កំសាន្ត​ខាង​ក្រោម​នេះ​គេ​ហៅ​ថា Top (ឬ​ Spinning Top ឬ Spintop) ជា​ភាសា​ជប៉ុន​ហៅ​ថា​ 独楽 (Koma)។ ជា​ភាសា​ខ្មែរ​ហៅ​ថា​អី​ទៅ? តាម​វចនា​អង់គ្លេស​-​ខ្មែរ​គេ​បក​ប្រែ​ថា៖ វូ ប្រដាប់​លេង​ម្យ៉ាង។​ប្រលេង​មួយ​នេះ​មាន​ប្រវត្តិ​យូរ​លង់​ណាស់​មក​ហើយ ប៉ុន្តែ​គេ​មិន​ដឹង​ច្បាស់​ថា​វា​មាន​ប្រភព​ដើម​ដំបូង​ចេញ​ពី​តំបន់​​​ណា​​នោះ​​ទេ។

(Japanese Spinning Top)

Amazing Spinning Top:





តួ​អក្សរ​Kanji​ដែល​ចាំ​បាច់​ត្រូវ​បាន​អាប់​ដេត​ដល់​ចំនួន​២១៣៦តួ!

18 12 2010


កាល​ពី​ថ្ងៃ​៣០​ខែ​វិច្ឆិកា​រដ្ឋា​ភិបាល​​ជប៉ុន​បាន​ធ្វើ​ការ​អាប់​ដេត​តួ​អក្សរ​Kanji​របស់​ខ្លួន​ដែល​ចាំ​បាច់​សំរាប់​ប្រើ​ប្រាស់​ក្នុង​ជីវ​ភាព​ប្រចាំ​ថ្ងៃ​(គឺ​ជា​តួ​អក្សរ​Kanji​ដែល​សិស្ស​គ្រប់​រូប​ចាំ​បាច់​ត្រូវ​រៀន)​​ដល់​ចំនួន​២១៣៦​តួ។​បើ​គិត​ចាប់​ពី​សម័យ​ក្រោយ​សង្រ្គាម​លោក​លើក​ទី​២​នៅ​ឆ្នាំ​១៩៤៦​តួ​អក្សរ​Kanji​ដែល​គេ​រៀប​ចំ​ឡើង​គឺ​មាន​ចំនួន​១៨៥០​តួ។​ក្រោយ​មក​នៅ​ឆ្នាំ​១៩៨១​គេ​បាន​ធ្វើ​ការ​អាប់​ដេត​លើក​ទី​មួយ។​នៅ​ពេល​នោះ​តួ​អក្សរ​Kanji​គឺ​ត្រូវ​បាន​កើន​ឡើង​ដល់​ចំនួន​១៩៤៥។​នៅ​ឆ្នាំ​២០១០​នេះ​គឺ​ជា​ការ​អាប់​ដេត​លើក​ទី​ពីរ​ហើយ ដោយ​គេ​បាន​លុប​ចោល​តួ​អក្សរ​Kanji​ចំនួន​៥​តួ​និង​បាន​បន្ថែម​វិញ​ចំនួន​១៩៦​តួ។​ជា​សរុប​​Kanji​ដែល​ត្រូវ​ប្រើ​ប្រាស់​ក្នុង​ជីវ​ភាព​ប្រចាំ​ថ្ងៃ​មាន​ចំនួន​២១៣៦​តួ។

ក្រាបនៃបំរែបំរួលតួអក្សរKanji៖

តួអក្សរKanjiចំនួន១៩៦ដែលគេបានបន្ថែមថ្មី៖
媛 怨 鬱 唄 淫 咽 茨 彙 椅 萎 畏 嵐 宛 顎 曖 挨 韓 鎌 葛 骸 蓋 崖 諧 潰 瓦 牙 苛 俺 臆 岡 旺 艶 稽 憬 詣 熊 窟 串 惧 錦 僅 巾 嗅 臼 畿 亀 伎 玩 挫 沙 痕 頃 駒 傲 乞 喉 梗 虎 股 舷 鍵 拳 桁 隙 呪 腫 嫉 叱 鹿 餌 摯 恣 斬 拶 刹 柵 埼 塞 采 戚 脊 醒 凄 裾 須 腎 芯 尻 拭 憧 蹴 羞 袖 汰 遜 捉 踪 ## 曾 爽 遡 狙 膳 箋 詮 腺 煎 羨 鶴 爪 椎 捗 嘲 貼 酎 緻 綻 旦 誰 戴 堆 唾 鍋 謎 梨 奈 那 丼 貪 頓 栃 瞳 藤 賭 妬 填 溺 諦 阜 訃 肘 膝 眉 斑 阪 汎 氾 箸 剥 罵 捻 虹 匂 喩 闇 弥 冶 麺 冥 蜜 枕 痩 勃 頬 貌 蜂 蔑 璧 餅 蔽 脇 麓 籠 弄 呂 瑠 瞭 侶 慄 璃 藍 辣 拉 沃 瘍 妖 湧 柿 哺 楷 睦 釜 錮 賂 毀 勾
តួអក្សរKanjiចំនួន៥ដែលគេបានបានលុបចេញ៖
勺 銑 脹 錘 匁

តួអក្សរKanjiទាំង១៩៤៥តួ៖

អានផងដែរ៖
Jōyō kanji
Official kanji list increased to 2136





ប្រភេទ​ឈាម​ទាំង​៤(A,B,AB,O)

2 12 2010

របាយប្រភេទឈាមនីមួយៗលើពិភពលោក៖
របាយមនុស្សដែលមានឈាមប្រភេទA(២១%នៃចំនួនប្រជាជនពិភពលោកមានឈាមប្រភេទA)

របាយមនុស្ស​​ដែលមានឈាមប្រភេទB(១៦%នៃចំនួនប្រជាជនពិភពលោកមានឈាមប្រភេទB)

របាយមនុស្ស​​ដែលមានឈាមប្រភេទO(៦៣%នៃចំនួនប្រជាជនពិភពលោកមានឈាមប្រភេទO)

ចំនែកអ្នកដែលមានឈាមប្រភេទABគឺមានតិចតួចបំផុត។

បុគ្គលិកលក្ខណៈតាមប្រភេទឈាមនីមួយៗ៖
ជប៉ុន​និង​កូរ៉េ​គឺ​ជា​ប្រទេស​ពីរ​ដែល​អោយ​តំលៃ​ខ្លាំង​ទៅ​លើ​ប្រភេទ​ឈាម។​ការ​សួរ​នាំ​គ្នា​ពី​ប្រភេទ​ឈាម​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ​គឺ​ជា​រឿង​ធម្មតា​ទេ​ព្រោះ​មនុស្ស​ភាគ​ច្រើន​សុទ្ធ​តែ​ដឹង​ពី​ប្រភេទ​ឈាម​របស់​ខ្លួន។​សូម្បី​តែ​នៅ​ក្នុង​ការ​ជ្រើស​រើស​​គូ​​ស្រករ​ ជន​ជាតិ​​ទាំង​ពីរ​នេះ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ពី​​ប្រភេទ​​ឈាម​​នេះ​​​របស់ដៃ​គូ​ខ្លួន​​(ដូច​នឹង​ខ្មែរ​ដែល​រើស​ខែ​ឆ្នាំ​ចឹង​ដែរ)។
ការកំនត់ពីបុគ្គលិកលក្ខណៈតាមប្រភេទឈាមនៅប្រទេសទាំងពីរនេះ៖
ឈាមប្រភេទA
ចំនុចល្អ៖ ស្មោះ​ត្រង់​គួរ​អោយ​ជឿ​ទុក​ចិត្ត ហ្មត់​ចត់​ ចេះ​ប្រុង​ប្រយ័ត្ន​ ស្ងៀម​ស្ងាត់ មាន​គំនិត​ច្នៃ​ប្រឌិត សុភាព​រាបសារ។
ចំនុចអាក្រក់៖ ស្មោះត្រង់ជ្រុល ចចេសមានះរឹងរូស រអ៊ូរទាំច្រើន តឹង​តែង​មាន​គំនិត​អភិរក្ស​មិន​ចូល​ចិត្ត​ការ​ផ្លាស់​ប្តូរ។
ឈាមប្រភេទB
ចំនុចល្អ៖​ មានចិត្តទូលាយ មានគំនិតច្នៃប្រឌិត ក្លាហាន សកម្មនឹងធ្វើកិច្ចការអ្វីមួយ។
ចំនុចអាក្រក់៖ អាត្មានិយម គ្មាន​ទំនួលខុសត្រូវ មិនចេះអត់អោយទោស​អោយ​គេ ប្រែ​ប្រួល​ចិត្ត​លឿនរហ័ស។
ឈាមប្រភេទAB
ចំនុចល្អ៖​ មិន​ឆេវ​ឆាវ ចេះ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង ចេះ​គិត​គូរ​ពី​ហេតុ​ផល រួស​រាយ​​ងាយ​​ចូល​​ក្នុង​​សង្គម​ចុះ។
ចំនុចអាក្រក់៖ ចូល​ចិត្ត​រិះ​គន់​អ្នក​ដទៃ មាន​ចរិត​អល់​អែក ភ្លេច​ភ្លាំង​ច្រើន មិន​មាន​ទំនួល​ខុស​ត្រូវ។
ឈាមប្រភេទO
ចំនុចល្អ៖​ មានគំនិតសុទិដ្ឋិនិយម រួសរាយ ងាយ​ចុះ​សំរុង​នឹង​អ្នក​ដទៃ។
ចំនុចអាក្រក់៖ មានចរិតអួតក្អេងក្អាង ព្រហើន និង​ចូល​ចិត្ត​ច្រណែន​អ្នក​ដទៃ។

ប្រភេទឈាមនៅក្នុងវេជ្ជសាស្ត្រ៖
តាមវេជ្ជសាស្ត្រ ការ​ផ្តល់​ឈាម​និង​ទទួល​ឈាម​ត្រូវ​បាន​កំនត់​ដូច​ខាង​ក្រោម៖។
ឈាមប្រភេទA អាច​ទទួល​យក​ឈាម​ប្រភេទ​A​ខ្លួន​ឯង​និង​ឈាម​ប្រភេទ​O។
ឈាមប្រភេទB អាច​ទទួល​យក​ឈាម​ប្រភេទ​B​ខ្លួន​ឯង​និង​ឈាម​ប្រភេទ​O។
ឈាមប្រភេទAB អាច​ទទួល​យក​ឈាម​គ្រប់​ប្រភេទ​បាន​ទាំង​អស់(អ្នក​ទទួល​សេរី)។
ឈាមប្រភេទO អាច​ទទួល​យក​បាន​តែ​ឈាម​ប្រភេទ​O​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​(អ្នក​ផ្តល់​សេរី)។








%d bloggers like this: