អរិយធម៌​អាស៊ីអាគ្នេយ៍៖ ភាពរុងរឿង​នៃ​អាណាចក្រ​ខ្មែរ​សម័យ​អង្គរ

10 09 2013

ពីRFI៖ អរិយធម៌​អាស៊ីអាគ្នេយ៍៖ ភាពរុងរឿង​នៃ​អាណាចក្រ​ខ្មែរ​សម័យ​អង្គរ ដោយ សេង ឌីណា

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​ងាកចេញ​ពី​តំបន់​អឺរ៉ុប និង​មេឌីទែរ៉ាណេ មក​ផ្តោត​លើ​អរិយធម៌​នៃ​តំបន់​អាស៊ីអាគ្នេយ៍​វិញ​ម្តង ជាពិសេស គឺ​ការ​ងើបឡើង​នៃ​អាណាចក្រ​ខ្មែរ នៅ​សតវត្សរ៍​ទី៩។

នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី៩​ នៅ​ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ឆ្លងកាត់​នូវ​យុគខ្មៅ​ងងឹត ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម ហើយ​ចក្រភព​អារ៉ាប់​កំពុង​ស្គាល់​ភាព​រុងរឿង វាតទី​កាន់កាប់ទឹកដី​នៅ​ប៉ែកខាងត្បូង និង​ខាង​កើត​នៃ​តំបន់​មេឌីទែរ៉ាណេ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ឯណោះវិញ អាណាចក្រ​មួយ​ក៏​កំពុង​តែ​ងើបឡើង និង​ស្គាល់​ភាព​រុងរឿង​ខ្លាំង​ដែរ នោះគឺ អាណាចក្រ​ខ្មែរ។

តាមរយៈ​ការសិក្សា​របស់​អ្នក​បុរាណវិទ្យា គេរកឃើញ​ថា នៅ​ត្រង់​ទឹកដី​នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ មាន​មនុស្ស​រស់នៅ​ដើមដំបូង តាំង​ពី​ប្រមាណ​ជា ៤២០០ឆ្នាំ​មុន​គ.ស ពោលគឺ ប្រមាណ​ជា​ជាង ៦ពាន់​ឆ្នាំមុន​សម័យកាល​បច្ចុប្បន្ន។ ប្រជាជន​នៅ​តំបន់​នេះ​បាន​ចាប់ផ្តើម​ងាកចេញ​ពី​ការរស់​នៅ​បែប​បុរេ​ប្រវត្តិ មក​​ចាប់​ប្រកបរបរ​កសិកម្ម រួចហើយ​​បន្តិចម្តង​បាន​បង្កើត​ទៅ​ជា​រដ្ឋមួយឡើង នៅ​អំឡុង​សតវត្សរ៍​ទី១​គ.ស គឺ​នគរ​​គោកធ្លក (ឬ​នគរ​ភ្នំ ) ដែល​ក្នុង​ឯកសារ​ចិន​ហៅ​ក្លាយ​មក​ជា “ហ៊្វូណន”។

ដំណើររឿង​នៃ​ការ​កកើត​នគរ​គោកធ្លក ឬ​ហ៊្វូណន ត្រូវបានគេ​ដំណាល​ជា​លក្ខណៈ​រឿង​ព្រេង និង​មាន​កត់ត្រា​ទុក​ក្នុង​សិលាចារឹក​និងក្នុង​​ឯកសារ​ចិន។ តាមដំណើររឿងព្រេង នៅ​ក្នុង​ទំនៀមទម្លាប់​ប្រពៃណីខ្មែរ ការកកើត​នៃ​នគរគោកធ្លក ចាប់ផ្តើម​ពី​អាពាហ៍ពិពាហ៍ រវាង​ព្រះថោង ដែល​ជា​ក្សត្រ​មក​ពី​ឥណ្ឌា និង​នាងនាគ ដែល​ជា​ម្ចាស់ស្រុក។

ក៏ប៉ុន្តែ នៅ​ក្នុង​សិលាចារឹក​ជា​ភាសា​សំស្ក្រឹត គេ​បាន​រកឃើញ​នូវ​កំណត់ត្រា​អំពី​ដំណើររឿង នៃ​អាពាហ៍ពិពាហ៍​ រវាង​ម្ចាស់ស្រុក គឺ​ព្រះនាង​សោមា ជាមួយ​នឹង​ព្រាហ្មណ៍​​ម្នាក់​ឈ្មោះ កោណ្ឌញ្ញ ដែល​ធ្វើ​ដំណើរ​តាមទូក​ មកពីទិស​ខាង​ត្បូង​ (អាចមក​ពីកោះជ្វា ឬ​ស៊ូម៉ាត្រា)។ ចំណែក​ឯកសារ​ចិន​វិញ​​មាន​កត់ត្រា អំពី​​​​អាពាហ៍ពិពាហ៍​រវាង​ព្រះបាទ​ហ៊ុនទៀន និង​ព្រះនាង​លីវយី។

អ្នកប្រាជ្ញ​ខ្លះ​យល់ថា ដំណើររឿង​ទាំង៣ខាងលើនេះ គឺ​ជា​រឿង​តែមួយ គ្រាន់តែ​មាន​ការ​កត់ត្រា​ឈ្មោះ​ខុសៗគ្នា។ ក៏ប៉ុន្តែ អ្នក​ខ្លះ​ទៀត យល់ថា រឿង​នេះ​អាច​ជា​ដំណើររឿង ផ្សេងគ្នា ដែល​កើតឡើង​នៅ​ក្នុង​ទឹកដី​ខ្មែរដូចគ្នា ប៉ុន្តែ ក្នុង​កាលវេលា​ខុសគ្នា។

នគរហ៊្វូណន​មាន​រាជធានី​នៅ​ម្តុំ​ បាភ្នំ (ខេត្ត​ព្រៃវែង​បច្ចុប្បន្ន) ហើយមាន​​វប្បធម៌​លាយ​ចម្រុះ​គ្នា រវាង​វប្បធម៌​របស់​ជនជាតិ​ខ្មែរ​ដើម និង​វប្បធម៌​ទទួល​ឥទ្ធិពល​ពីឥណ្ឌា។ សាសនា​ក៏ដូចគ្នា​ដែរ។ ប្រជារាស្រ្ត​នៃហ៊្វូណនគោរព​តាម​ជំនឿ​​សាសនា​ដើម​របស់​ខ្លួនផង ដែល​គេហៅថា សាសនា​អ្នកតា និង​តាម​ជំនឿ​សាសនា​ពី​ឥណ្ឌា​ផង គឺ​ដំបូង​ព្រហ្មញ្ញសាសនា​ និង​បន្ទាប់មកទៀតពុទ្ធសាសនា។

តាមពិត ហ៊្វូណន​​គឺ​ជា​អាណាចក្រ​មួយ ដែល​មាន​នគរ​ច្រើនជា​ចំណុះ។ នគរ​ទាំងនេះ​​​គ្រប់គ្រង​ដោយ​ក្សត្រផ្សេងគ្នា ​មាន​ឯករាជ​ដាច់ចេញ​ពីគ្នា ហើយ​ពេល​ខ្លះ ថែម​ទាំង​​ធ្វើ​សង្រ្គាម​រវាង​គ្នា​ទៀតផង គឺ​​ដូចជា សង្រ្គាម​រវាង​ស្តេចត្រាញ់ នៅ​តំបន់​អឺរ៉ុប ក្នុង​យុគសម័យ​កណ្តាល ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម​ដូច្នោះដែរ។

នៅ​ក្នុង​អាណាចក្រ​ហ៊្វូណន គេឃើញ​មាននគរ​ពីរ ដែល​មាន​ការ​ប្រកួតប្រជែងគ្នា​ខ្លាំង​ជាងគេ គឺ​មួយ​មាន​រាជធានី​នៅ​វយធបុរៈ (នៅត្រង់​ព្រៃកប្បាស​បច្ចុប្បន្ន) និង​មួយទៀត មាន​រាជធានី​នៅ​សម្ភុបុរៈ (ត្រង់​ស្រុក​សម្បូរ ខេត្ត​ក្រចេះ​បច្ចុប្បន្ន)។

នៅ​សតវត្សរ៍​ទី៥ នគរ​វយធបុរៈ​បាន​វាយដណ្តើម​កាន់កាប់​សម្ភុបុរៈ​ ហើយ​បញ្ចូលគ្នា​បង្កើត​ទៅជា​នគរ​ធំមួយ ដែល​មាន​អំណាច​យ៉ាង​ខ្លាំង រហូត​​ក្រោយ​មកទៀត ឈាន​ទៅ​​​ដណ្តើម​កាន់កាប់​​ដែនដី​នៃ​នគរហ៊្វូណន​ទាំងមូល។ នគរហ៊្វូណន​ត្រូវ​ដួលរលំ ហើយ​ជំនួស​មកវិញ ដោយ​នគរ​ថ្មីមួយទៀត ដែល​នៅ​ក្នុង​ឯកសារ​ចិន​ដាក់​ឈ្មោះ​ឲ្យ​ថា “ចេនឡា” ហើយ​ដែល​ក្រោយមក​បាន​ក្លាយ​ទៅជា​អាណាចក្រ​ខ្មែរ។

នៅសតវត្សរ៍ទី៧ ក្រោយ​ការ​ចូលទីវង្គត​របស់​ព្រះបាទ​ជ័យវរ្ម័នទី១ រាជាណាចក្រ​កម្ពុជា ដែលចិន​ហៅ​ថា ចេនឡា ត្រូវ​បាន​បំបែក​ជា​​នគរ​ពីរ ដូចកាល​ពី​សម័យ​ហ៊្វូណន​វិញ គឺ​នគរ​វយធបុរៈ ដែល​ចិនហៅថា “ចេនឡា​ទឹក” និង​នគរ​សម្ភុបុរៈ ដែល​ចិន​ហៅ​ថា “ចេនឡាគោក”។ ចេនឡាទឹក​មាន​ទឹកដី​នៅ​ត្រង់​ម្តុំ​កម្ពុជា​ក្រោម​សព្វថ្ងៃ ចំណែក​ឯ​ចេនឡា​គោក មាន​ទឹកដី​នៅ​ត្រង់​ម្តុំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ហើយ​លាតសន្ធឹង​ដល់​ជួរភ្នំ​ដងរែក។ ក៏ប៉ុន្តែ ការបែងចែក​នគរ​ចេនឡា​ជាពីរ​នៅពេលនោះ ប្រហែល​ជា​ធ្វើឡើង គ្រាន់តែដើម្បី​ចែកគ្នា​គ្រប់គ្រង​តែប៉ុណ្ណោះ។ ចេនឡា​ទាំងពីរ ​មិនមែន​ជាសត្រូវ​នឹងគ្នា ដូច​ជា​កាលពី​នគរវយធបុរៈ និង​សម្ភុបុរៈ កាល​ពី​​នៅក្នុង​សម័យកាល​​នគរហ៊្វូណន​នោះទេ។

រហូតដល់​ដើមសតវត្សរ៍​ទី៩ ចេនឡា​ទាំងពីរ​ក៏​បាន​បង្រួបបង្រួម​គ្នា​ជា​នគរ​តែមួយ​ឡើងវិញ ក្រោមការដឹកនាំ​របស់​ព្រះបាទ​ជ័យវរ្ម័នទី២ ដែល​បាន​ឡើង​គ្រងរាជ្យ នៅ​ឆ្នាំ​៨០២។ ថ្វីដ្បិត​តែ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត ព្រះបាទ​ជ័យវរ្ម័នទី២​មិនសូវ​មាន​កិត្តិនាម​ល្បី ដូចជា ព្រះបាទ​ជ័យវរ្ម័នទី៧ ក៏ប៉ុន្តែ ព្រះអង្គ​ត្រូវបានអ្នក​ប្រវត្តិសាស្រ្ត​​​ចាត់ទុកថា​ជា​ក្សត្រ​ដំបូងបង្អស់ ដែល​បាន​ស្ថាបនា​អាណាចក្រ​ខ្មែរ​រួបរួមគ្នា​មួយ ដែល​ក្រោយមកទៀត ​បាន​ស្គាល់​នូវ​ភាពរុងរឿង​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ខ្មែរ។ ​ឆ្នាំ​៨០២ ដែល​​​ព្រះបាទ​ជ័យវរ្ម័នទី២ ​ឡើង​គ្រងរាជ្យ ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​ទូទៅ​កំណត់​ថា​ជា​ចំណុច​ចាប់ផ្តើម​នៃ​សម័យអង្គរ​ ដែល​ជា​សម័យកាល​ដ៏រុងរឿង​បំផុត​នៃ​អាណាចក្រ​ខ្មែរ។

ក្នុងរយៈពេល​ប្រមាណ​ជា​ជាង ៦០០ឆ្នាំ​ ចាប់តាំង​ពី​ដើម​សតវត្សរ៍​ទី៩ រហូតដល់​ពាក់កណ្តាល​សតវត្សរ៍ទី១៥ អាណាចក្រ​ខ្មែរ​​បាន​ស្គាល់​នូវភាពរុងរឿង​ ក្នុងឋានៈ​ជា​មហាអំណាច នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នៅ​ក្នុង​អំឡុង​ពេលនោះ អាណាចក្រ​ខ្មែរ​​បាន​គ្រប់គ្រង​ទឹកដី​ដ៏ធំ ដែលគ្របដណ្តប់​លើ​ទឹកដី​កម្ពុជា​ ថៃ ឡាវ និង​ប៉ែក​ខាង​ត្បូង​ប្រទេស​វៀតណាម​បច្ចុប្បន្ន។ ព្រំដែន​នៃ​អាណាចក្រ​ខ្មែរ​លាតសន្ធឹង​រហូតទៅដល់​ប្រទេស​ចិន នៅ​ប៉ែក​ខាង​ជើង ភូមា នៅប៉ែក​ខាង​លិច ម៉ាឡេស៊ី នៅប៉ែក​ខាង​ត្បូង និង​នគរ​ចម្ប៉ា នៅ​ខាងកើត។

នៅ​ក្នុង​កំណត់ត្រា​របស់​ពួកអារ៉ាប់ នៅ​ចន្លោះ​ពីសតវត្សរ៍ទី៩ និង​សតវត្សរ៍​ទី១០ គេឃើញ​ថា កាលណា​និយាយ​ពី​តំបន់​អឺរ៉ុប ពួកអារ៉ាប់តែងតែ​លើកឡើង​ពី​ការ​ធ្លាក់ដុនដាប​ ក្នុង​យុគខ្មៅងងឹត ក៏ប៉ុន្តែ ពួកអារ៉ាប់​បាន​​ចាត់ទុក​តំបន់​អាស៊ីអាគ្នេយ៍ថា​ស្ថិត​ក្នុង​​តំបន់​ដែល​មាន​ភាព​រុងរឿង​បំផុត នៅលើ​ពិភពលោក នៅ​ក្នុង​អំឡុង​ពេលនោះ។

ក៏ប៉ុន្តែ ជម្លោះ​ផ្ទៃក្នុង ជាពិសេស ជម្លោះ​ដណ្តើម​រាជ្យបល្ល័ង្ក បូករួម​ជាមួយ​នឹង​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង បាន​ធ្វើ​ឲ្យ​អាណាចក្រ​ខ្មែរ​ត្រូវ​ធ្លាក់ចុះ​ខ្សោយ​ជាបន្តបន្ទាប់ ហើយទឹកដី​កាន់តែ​រួញតូច។

ជាទូទៅ អ្នកប្រវត្តិសាស្រ្ត​បាន​កំណត់​ថា សម័យកាល​រុងរឿង​នៃ​អាណាចក្រ​ខ្មែរ​បាន​ចាប់ផ្តើម​ពី​ឆ្នាំ​៨០២ ជាមួយនឹង​ការ​ឡើងគ្រងរាជ្យ​នៃ​ព្រះបាទ​ជ័យវរ្ម័ន​ទី២ និង​បញ្ចប់នៅ​ត្រឹម​ឆ្នាំ​១៤៣១ នៅ​ពេល​ដែល​​ព្រះបាទ​ស្រីសុរិយោពណ៌ (ឬចៅពញាយ៉ាត) សម្រេច​ចិត្ត​បោះបង់​រាជធានី​អង្គរចោល ហើយ​​ទៅតាំង​រាជធានី​នៅស្រីសន្ធរ និង​បន្ទាប់​មក​នៅ​​ភ្នំពេញវិញ ដើម្បី​គេចចេញ​ពី​ការឈ្លានពាន​របស់​កងទ័ព​សៀម៕





របៀប​គណនា​ចំនួន​អាសនៈ​ក្នុង​ការ​បោះឆ្នោត​តំណាងរាស្រ្ត​កម្ពុជា

31 07 2013

ពីRFI៖ របៀប​គណនា​ចំនួន​អាសនៈ​ក្នុង​ការ​បោះឆ្នោត​តំណាងរាស្រ្ត​កម្ពុជា (ដោយ សេង ឌីណា)

នៅ​កម្ពុជា ការ​បោះឆ្នោត​តំណាងរាស្រ្ត គឺ​ជា​ការ​បោះឆ្នោត​តាម​ប្រព័ន្ធ​សមាមាត្រ។ ពលរដ្ឋ​កម្ពុជា​មិន​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ណាមួយ​ឲ្យ​ធ្វើ​ជា​តំណាង​រាស្រ្ត​នោះទេ ក៏ប៉ុន្តែ បោះឆ្នោត​ជ្រើសរើស​បញ្ជីឈ្មោះ​បេក្ខជន​តំណាងរាស្រ្តនៃ​គណបក្ស​មួយ។ ចេញ​ពី​ចំនួន​ស្លឹកឆ្នោត​សរុប​ដែល​បោះ​ឲ្យ​គណបក្ស​នីមួយៗ​នេះ ទើប​គេ​យក​ទៅ​គណនា​រក​ចំនួន​អាសនៈ ដែល​គណបក្ស​នីមួយ​ៗ​ទទួលបាន នៅ​ក្នុង​រដ្ឋសភា។ តើ​ការ​កំណត់​ចំនួន​អាសនៈ​នេះ ត្រូវ​ធ្វើឡើង​ដោយ​របៀបណា?

តាមច្បាប់​បោះឆ្នោត​កម្ពុជា ចំនួន​អាសនៈ​សភា ដែលត្រូវ​បែងចែក​ទៅ​ឲ្យ​​គណបក្ស​នយោបាយ​ណាមួយ នៅ​ក្នុងការ​បោះឆ្នោត​ ត្រូវ​គណនា​ ដោយ​ប្រើ​រូបមន្ត​ “មធ្យមភាគ​ខ្ពស់បំផុត” ហើយ​ការ​បែងចែក​អាសនៈ​ ត្រូវ​ធ្វើ​ឡើង​នៅ​តាម​មណ្ឌលនីមួយៗ។

ជំហានទី១៖ កំណត់​ចំនួន​កូតា​នៃ​សន្លឹកឆ្នោត​ក្នុងមួយ​អាសនៈ

មុននឹង​ចាប់ផ្តើម​​ធ្វើការ​បែងចែក​ចំនួន​អាសនៈ​ ជាដំបូង គេ​ត្រូវ​គណនា​ឲ្យ​ឃើញ​សិន​​អំពី​ចំនួន​កូតា​នៃ​សន្លឹកឆ្នោត​ក្នុងមួយ​អាសនៈ (មានន័យថា ចំនួន​សន្លឹកឆ្នោត ដែលគណបក្ស​មួយ​ត្រូវ​ទទួលបាន ដើម្បី​ទទួល​បាន​អាសនៈមួយ​)។ ដើម្បី​គណនា​ គេ​ត្រូវ​យក​ចំនួន​សន្លឹកឆ្នោត​បាន​ការ​សរុប នៅ​ក្នុង​មណ្ឌលមួយ ចែក​នឹង​ចំនួន​អាសនៈ​សរុប​នៅក្នុង​មណ្ឌល​នោះ ដោយ​មិន​គិត​ពីសំណល់ចែក។

កូតា​សន្លឹកឆ្នោត​ក្នុងមួយ​អាសន =​​ សន្លឹកឆ្នោត​បានការ​សរុប​ក្នុងមណ្ឌល/អាសនៈសរុប​ក្នុងមណ្ឌល

គួរបញ្ជាក់ថា សន្លឹកឆ្នោត​បាន​ការសរុប ខុស​ពី​ចំនួន​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត។ អ្នក​ដែល​មានឈ្មោះ​ក្នុង​បញ្ជីឈ្មោះ​បោះឆ្នោត ដែល​មិនទៅ​បោះឆ្នោត ឬ​ទៅបោះឆ្នោត​ដែរ​ ប៉ុន្តែ គូស​សន្លឹកឆ្នោត​មិន​ត្រឹមត្រូវ ជា​សន្លឹក​ឆ្នោត​មិនបានការ មិនត្រូវ​រាប់បញ្ចូល​នៅ​ក្នុង​ចំនួន​សន្លឹកឆ្នោត​បាន​ការ​សរុបទេ។

ឧទាហរណ៍៖ នៅ​មណ្ឌល​កំពង់ចាម ដែល​មាន​ចំនួន​អាសនៈ​សរុប​ទាំងអស់ ១៨​អាសនៈ មាន​សន្លឹកឆ្នោត​បានការ​សរុ​ប ចំនួន ១៨ម៉ឺនសន្លឹក។ ដូច្នេះគណបក្ស​មួយ​ចាំបាច់​ត្រូវ​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ ១ម៉ឺន​សន្លឹក ទើបអាច​ទទួល​បាន​១អាសនៈ​។

ជំហានទី២៖ កំណត់​ចំនួន​អាសនៈ​បឋម

ក្រោយ​ពី​បាន​កំណត់​ចំនួន​កូតា​សន្លឹកឆ្នោត​ក្នុង​មួយអាសនៈ​ហើយ ជំហានទីពីរ គេ​ត្រូវ​ធ្វើ​ការ​កំណត់​ចំនួន​អាសនៈ​បឋម សម្រាប់​គណបក្ស​នីមួយៗ ដោយ​យក​ចំនួន​សំឡេងឆ្នោត​សរុប ដែល​គណបក្ស​នីមួយៗ​ទទួលបាន នៅ​ក្នុង​មណ្ឌល​មួយ ចែក​ឲ្យ​ចំនួនកូតា​សន្លឹកឆ្នោត​ក្នុងមួយ​អាសនៈ ដោយ​មិន​គិត​ពី​សំណល់ចែក។

អាសនៈបឋម = ចំនួនសន្លឹកឆ្នោត​ដែល​បោះ​ឲ្យ​គណបក្សមួយ/កូតា​សន្លឹកឆ្នោត​ក្នុងមួយ​អាសនៈ

ឧទាហរណ៍៖ នៅ​ក្នុង​មណ្ឌល​កំពង់ចាម គណបក្ស “ក” ទទួល​បាន​សំឡេង​គាំទ្រ ៩៦ ០០០​សន្លឹក។ ដើម្បី​កំណត់​ចំនួន​អាសនៈបឋម​របស់គណបក្ស “ក” គេ​ត្រូវ​យក ៩៦ ០០០​ ទៅ​ចែក​នឹង ១០ ០០០។ ដោយ​មិនគិត​ពី​សំណល់ចែក គណបក្ស “ក” ត្រូវ​ទទួលបាន ៩អាសនៈ។

ជំហានទី៣៖ ការបែងចែក​ចំនួន​អាសនៈ​ដែល​នៅ​សល់​ក្នុង​មណ្ឌល

បន្ទាប់​ពី​ការ​កំណត់​ចំនួន​អាសនៈ​បឋម​របស់​គណបក្ស​នីមួយៗ​រួចរាល់​ហើយ ប្រសិនបើ​មាន​នៅ​សល់​​អាសនៈ​ក្នុងមណ្ឌល គេ​ត្រូវ​ធ្វើការ​បែងចែក​អាសនៈ​ដែល​នៅ​សេសសល់​នេះ​ជា​បន្តទៀត ដោយ​ប្រើរូបមន្ត “មធ្យមភាគខ្ពស់បំផុត” ពោលគឺ គេ​ត្រូវ​យក​ចំនួន​សន្លឹកឆ្នោត​បានការ​សរុប ដែល​បោះឲ្យ​គណបក្ស​នីមួយៗ ចែក​នឹង​ចំនួន​អាសនៈ​បឋម ដែល​គណបក្ស​នោះទទួល​បាន តាម​ការ​គណនា​ខាងលើ ដោយ​បន្ថែម​មួយអាសនៈ​ពីលើ។

មធ្យមភាគខ្ពស់បំផុត = ចំនួនសន្លឹកឆ្នោត​ដែល​បោះ​ឲ្យ​គណបក្សមួយ/(អាសនៈបឋម + ១)

ឧទាហរណ៍៖ នៅក្នុង​មណ្ឌល​កំពង់ចាម គណបក្ស “ក” ដែល​ទទួលបាន​សំឡេង​គាំទ្រ ៩៦ ០០០​សន្លឹក មាន​ចំនួន​អាសនៈបឋម ៩អាសនៈ។ នៅ​ក្នុង​ការបែងចែក​ចំនួន​អាសនៈ​ ដែល​នៅ​សេសសល់​ក្នុងមណ្ឌល សម្រាប់​គណបក្ស “ក” គេ​ត្រូវ​យក ៩៦ ០០០ ចែក​នឹង ១០។

បន្ទាប់​ពី​បាន​អនុវត្ត​រូបមន្ត​នេះ សម្រាប់​គ្រប់គណបក្ស​ហើយ គេ​ត្រូវ​ធ្វើការ​ប្រៀបធៀប​លទ្ធផល រវាង​គណបក្ស​នីមួយៗ។ គណបក្ស​ណា ដែល​ទទួលបាន​ផលចែក​ខ្ពស់ជាង​គេ​បង្អស់ (មធ្យមភាគខ្ពស់បំផុត) គឺ​ជា​អ្នក​ទទួល​បាន​អាសនៈ​មួយ​បន្ថែមទៀត។

ក្រោយ​ពី​អាសនៈ​មួយថ្មីនេះ​ត្រូវ​បាន​បែងចែក​ទៅ​ឲ្យ​គណបក្ស ដែល​មាន​មធ្យមភាគខ្ពស់​បំផុត រួចហើយ ប្រសិនបើ​មាន​នៅ​សល់​អាសនៈ​ក្នុងមណ្ឌល​នេះ​ទៀត គេ​ត្រូវ​ធ្វើការ​បែងចែក​អាសនៈ​សេសសល់​នេះ​បន្តទៀត ដោយ​អនុវត្ត​រូបមន្ត​ដដែល ដោយ​លើកនេះ គណបក្ស​ដែល​ទើប​នឹង​បាន​អាសនៈ​បន្ថែម​ក្នុងការ​គណនា​ខាងលើ ត្រូវ​យក​អាសនៈ​ថ្មីបន្ថែម​នេះ មក​គិតបញ្ចូល​​ ក្នុងការ​គណនា​មធ្យមភាគខ្ពស់បំផុតលើកទី២។

ឧទាហរណ៍៖ នៅ​មណ្ឌល​កំពង់ចាម គណបក្ស “ក” ជា​អ្នក​ទទួល​បាន​អាសនៈ​បន្ថែម ក្នុងការ​គណនា​មធ្យមភាគខ្ពស់​បំផុត​លើកទីមួយ។ ចំនួន​អាសនៈ​សរុប​របស់​គណបក្ស​នេះ ត្រូវ​កើនឡើង​ពី ៩អាសនៈ ទៅ ១០​អាសនៈ។ នៅ​ក្នុងការ​គណនា​​មធ្យមភាគខ្ពស់បំផុត​លើកទី២ ដើម្បី​បែងចែក​អាសនៈ​សេសសល់​បន្ត សម្រាប់​គណបក្ស “ក” គេ​ត្រូវ​យក​ចំនួន​សន្លឹកឆ្នោត​បានការ​សរុប ដែល​គណបក្ស​នេះ​ទទួល​បាន គឺ ៩៦ ០០០​សន្លឹក ចែក​នឹង​១១​អាសនៈ។

ការគណនា​បែបនេះ​ត្រូវ​ធ្វើជា​បន្តបន្ទាប់​ រហូត​ទាល់តែ​ចំនួន​អាសនៈ ដែល​នៅ​សេសសល់ ក្នុង​មណ្ឌល ត្រូវ​ធ្វើការ​បែងចែក​អស់។

ជាទូទៅ គេ​សង្កេតឃើញ​ថា ការ​គណនា​ដោយ​ប្រើ​រូបមន្ត “មធ្យមភាគខ្ពស់បំផុត”​ នេះ ចំនួន​អាសនៈ​ដែល​នៅសេសសល់​ក្នុងមណ្ឌល​បោះឆ្នោត ច្រើន​តែ​បាន​ទៅ​គណបក្ស ដែល​ទទួលបាន​សំឡេង​ឆ្នោត​សរុប​ច្រើន​ជាងគេ ក្នុងមណ្ឌលនេះ។ ហេតុដូច្នេះ​ហើយបាន​ជា​មាន​ការ​រិះគន់​ថា រូបមន្ត “មធ្យមភាគខ្ពស់បំផុត” នេះ ផ្តល់​ផលប្រយោជន៍​ដល់​តែ​គណបក្ស​ធំៗ៕





Repost: អង្គរ​វត្ត​ជា​អច្ឆរិយ​វត្ថុ​ទី៧​ក្នុង​លោក?​

7 11 2010

អ្នករាល់គ្នាប្រហែលជាធ្លាប់បានលឺប្រជាជនខ្មែរមួយចំនួនតែងនិយាយថាអង្គរវត្តជាអច្ឆរិយវត្ថុទី៧
ក្នុងលោកហើយមែនទេ?ហើយអ្នករាល់គ្នាប្រហែលជាធ្លាប់បានលឺនិងបានអានអំពីប្រវត្តិអច្ឆរិយវត្ថុ
ទាំង៧ក្នុងលោកនាសម័យបុរាណហើយមែនទេ?តែម៉េចក៏ក្នុងនោះអត់មានប្រាសាទអង្គរវត្តចឹង?
ចំងល់នេះក៏ស្ថិតនៅក្នុងខួរក្បាលខ្ញុំមួយរយៈដែររហូតដល់ពេលខ្ញុំបានអានសៀវភៅមួយដែល
សរសេរជាភាសាខ្មែរ(ចំនងជើងៈអច្ឆរិយវត្ថុទាំង៧ក្នុងលោកនាសម័យបុរាណ(*) មិនចាំឈ្មោះ
អ្នកអ្នកនិពន្ធឬអ្នករៀបរៀងទេ)ទើបចំងល់នោះបានរលាយបាត់ទៅ។សៀវភៅនោះបានសរសេរ
ថាអច្ឆរិយវត្ថុចែកចេញជាបីសម័យកាលគឺអច្ឆរិយវត្ថុទាំង៧ក្នុងលោកសម័យបុរាណ អច្ឆរិយវត្ថុ
ទាំង៧ក្នុងលោកសម័យកណ្តាល(*) និងអច្ឆរិយវត្ថុទាំង៧ក្នុងលោកសម័យទំនើប(*)។
នៅក្របខាងក្រោយនៃសៀវភៅនោះមានដាក់ផ្សាយអំពីសៀវភៅភាគទីពីរដែលនិយាយអំពី
អច្ឆរិយវត្ថុទាំង៧ក្នុងលោកសម័យកណ្តាល(*) ដោយក្នុងនោះមានប្រាសាទអង្គរវត្តជាអច្ឆរិយវត្ថុ
មួយដែរ(តែឥលូវមិនដឹងថាសៀវភៅនឹងបោះពុម្ពឬមិនទាន់បោះពុម្ពទេ)។
(សៀវភៅភាគទី១គឺអាចរកទិញបាននៅតាមបណ្ណាគារនាទីក្រុងភ្នំពេញ)
តែបានតាមwebsiteរបស់Wikipedia: http://en.wikipedia.org/wiki/Wonders_of_the_World
បានរៀបរាប់អំពីអច្ឆរិយវត្ថុក្នុងលោកទាំងបីសម័យកាលដែលរួមមាន៖
អច្ឆរិយវត្ថុក្នុងលោកសម័យបុរាណ(Seven Wonders of the Ancient World):
1. Great Pyramid of Giza
2. Hanging Gardens of Babylon
3. Statue of Zeus at Olympia
4. Temple of Artemis at Ephesus
5. Mausoleum of Maussollos at Halicarnassus
6. Colossus of Rhodes
7. Lighthouse of Alexandria
អច្ឆរិយវត្ថុក្នុងលោកសម័យកណ្តាល(Wonders of the Medieval World):
1. Stonehenge
2. Colosseum
3. Catacombs of Kom el Shoqafa
4. Great Wall of China
5. Porcelain Tower of Nanjing
6. Hagia Sophia
7. Leaning Tower of Pisa
អច្ឆរិយវត្ថុក្នុងលោកសម័យទំនើប(Wonders of the modern world):
ក្នុងសម័យទំនើបមានចែកចេញជាផ្នែកតូចៗ ដោយឡែកគេអាចរកឃើញអង្គរវត្តស្តិតនៅក្នុង
បញ្ជីTravel wonders of the world>>>Man-made travel wonders:
ក្នុងចំនាត់ថ្នាក់លេខ៦(6. Angkor Wat)។
ហើយគេក៏អាចរកឃើញអង្គរវត្តស្ថិតនៅក្នុងបញ្ជីមួយទៀតគឺ
Eighth Wonder of the World>>>Pre-1900 creations
(http://en.wikipedia.org/wiki/Eighth_Wonder_of_the_World)
បើយោងតាមWikipediaគឺអាចបញ្ជាក់បានថាប្រាសាទអង្គរវត្តមិនមែនជាអច្ឆរិយវត្ថុទី៧ក្នុងលោកទេ!
បញ្ជាក់៖(*)ត្រង់ចំនុចនេះគឺអាចសរសេរខុសពីសំនេរដើមបន្តិច សូមអភ័យទោស។

ប្រកាសមុន៖
អង្គរវត្តជាអច្ឆរិយវត្ថុទី៧ក្នុងលោក?





ពង្សាវតារ​ខ្មែរ

8 01 2010

បទៈ ពង្សាវតារ​ខ្មែរ
និពន្ធ​ដោយៈ សម្ដេច​ព្រះសង្ឃរាជ ជួន ណាត

១. ខ្មែរ​អើយ ចូរ​ចាំ​ជាក់​ថា
តាម​សាវតារ ជាតិ​ខេមរា ធ្លាប់​តែ​ថ្កើង
ទឹក​ដី​ខ្មែរ​ធំ ទូលំ​ទូលាយ សព្វសាយ​រុងរឿង
គេ​ឯង តែង​លើក​តម្កើង តម្កល់​ជាតិ​យើង
ចាត់​ទុក​ឡើង​ជា​ជាតិ​ច្បង ។

២. អារ្យធម៌ ខ្ពង់ខ្ពស់​ឆើតឆាយ
បាន​ចេញ​ផ្សព្វផ្សាយ គ្រប់​ទិស​ទាំង​ឡាយ ចុង​បូព៌ា
សាសនា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សា
តន្ត្រី​ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា
ជា​គោលការណ៍​ខ្មែរ​ផ្សាយ​ទៅ ។

៣. ខ្មែរ​អើយ ចូរ​ស្ដាប់​សាវតារ
ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង
តាំង​ចិត្ត​ឲ្យ​មាំ ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើង
តម្លៃ​​នៃ​ជាតិ​ខ្មែរ​យើង ឲ្យ​បាន​រុងរឿង
ជា​ថ្មី​ឡើង​តាម​សាវតារ ។





បទ​ចំរៀង​គោរព​ទង់​ជាតិ​ពី​ឆ្នាំ​១៩៤៧​រហូត​ដល់​បច្ចុប្បន្ន

7 01 2010

បទនគររាជគឺបទចំរៀងគោរពទង់ជាតិនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ពី​ឆ្នាំ​១៩៤៧​ដល់​ឆ្នាំ​១៩៧០​និង​ពី​ឆ្នាំ​១៩៩៣​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។​បទ​នេះ​ត្រូវ​បាន​និពន្ធ​ឡើង​នៅ​ឆ្នាំ​១៩៤១​ដោយ​សម្ដេច​​ព្រះ​សង្ឃ​រាជ ជួន ណាត។
~សូម​ពួក​ទេព្ដា​ រក្សា​មហាក្សត្រ​យើង
ឱ្យ​បាន​រុងរឿង​​​ ដោយ​ជយ​មង្គល​ សិរីសួស្ដី
យើង​ខ្ញុំ​ព្រះអង្គ​​​ សូម​ជ្រក​ក្រោម​ម្លប់​ព្រះ​បារមី
នៃ​ព្រះ​នរបតី​ វង្ស​ក្សត្រា​ដែល​សាង​ប្រាសាទ​ថ្ម
គ្រប់​គ្រង​ដែន​ខ្មែរ បុរាណ​ថ្កើនថ្កាន។
~ប្រាសាទ​សិលា​ កំបាំង​កណ្ដាល​ព្រៃ
គួរ​ឲ្យ​ស្រមៃ នឹក​ដល់​យសសក្ដិ​ មហា​នគរ
ជាតិ​ខ្មែរ​ដូច​ថ្ម​ គង់វង្ស​នៅ​ល្អ​ រឹងប៉ឹង​ជំហរ
យើង​សង្ឃឹម​ពរ​ ភ័ព្វ​ព្រេង​សំណាង​របស់​កម្ពុជា
មហា​រដ្ឋ​កើត​មាន យូរ​អង្វែង​ហើយ។
~គ្រប់​វត្ត​អារាម​ ឮ​តែ​សូរស័ព្ទ​ធម៌
សូត្រ​ដោយ​អំណរ​ រំឭក​គុណ​ពុទ្ធសាសនា
ចូរ​យើង​ជា​អ្នក ជឿជាក់​ស្មោះស្ម័គ្រ​ តាម​បែប​ដូនតា
គង់​តែ​ទេវតា​ នឹង​ជួយ​ជ្រោមជ្រែង​ផ្គត់ផ្គង់​ប្រយោជន៍​ឱ្យ
ដល់​ប្រទេស​ខ្មែរ ជា​មហានគរ។

បទចំរៀងគោរពទង់ជាតិសម័យសាធារណរដ្ឋខ្មែរ(១៩៧០~១៩៧៥)
~ជនជាតិខ្មែរល្បីពូកែមួយក្នុងលោក មានជ័យជោគកសាងប្រាសាទសិលា
អារ្យធម៌ខ្ពស់បវរជាតិសាសនា កេរ្តិ៍ដូនតាទុកលើភពផែនដី។
~ខ្មែរក្រោកឡើងខ្មែរក្រោកឡើងខ្មែរក្រោកឡើង ​ តស៊ូតំកើងសាធារណរដ្ឋ
ខ្មាំងរំលោភខ្មែរប្រយុទ្ធមិនតក់ស្លុត យកជ័យបំផុតជូនជាតិខេមរា
ឯករាជ្យថ្លៃថ្លាជាមហាប្រទេសតទៅ។

ដប់ប្រាំពីរមេសាជោគជ័យ (បទចំរៀងគោរពទង់ជាតិសម័យកម្ពុជាប្រជាធិបតេយ្យ១៩៧៥~១៩៧៩)
~ឈាមក្រហមច្រាល
ស្រោចសព៌ក្រុងវាល កម្ពុជាមាតុភូមិ
ឈាមកម្មករ កសិករដ៏ឧត្តម
ឈាមយុទ្ធជន យុទ្ធនារីបដិវត្តិ ។
ឈាមប្រក្លាយជា កំហឹងខ្លាំងក្លា
តសូមោះមុត
ដប់ប្រាំពីរមេសា ក្រោមទង់បដិវត្តិ
ឈាមរំដោះ អំពីភាពខ្ញុំគេ ។
~ជយោ! ជយោ! ដប់ប្រាំពីរមេសាជោគជ័យ!
មហាអស្ចារ្យមានន័យធំធេង
លើសសម័យអង្គរ !
យើងរួបរួមគ្នា
កសាងកម្ពុជានឹងសង្គមថ្មី
បវរប្រជាធិបពេយ្យ សមភាពនឹងយុតិធឞ៌
តាមាគ៌឵មច្឵ស់ការ ឯករាជ្យរឹងមាំ។
~ប្តេជ្ញាដាច់ខ឵ត ការពារមាតុភូមិ
ទឹកដីឧត្តម បដិវត្តដ៏រុងរឿង
ជយោ! ជយោ! ជយោ! កម្ពុជាថ្មី
ប្រជាធិបពេយ្យ សំបូរថ្កុមថ្កើង
ប្តេជ្ញាជ្រោងគ្រវី ទង់បដិវត្តិក្រហមខ្ពស់ឡើង
សាងមាតុភូមិយើង អោយច្រើនផ្លោះមហារុងរឿង មហាអស្ចារ្យ!

បទចំរៀងគោរពទង់ជាតិសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា(១៩៧៩~១៩៨៩)
និងសម័យរដ្ឋកម្ពុជា(១៩៨៩~១៩៩៣)

~ពលរដ្ឋកម្ពុជា ជាកំលាំងប្តូរផ្តាច់ សច្ចាកំទេចអស់ពួកបច្ចាមិត្ត
តាំងចិត្តសាមគ្គី ទើបមានមហិទ្ធិឫទ្ធិ ស៊ូប្តូរជីវិតបង្ហូរឈាមប្តូរយកជ័យ។
~កងទ័ពកម្ពុជា ពុះពារក្លាហាន សំរុកឧបសគ្គរាំងមុខ
ឆ្លងកាត់សំរេចបាន ​ កំទេចខ្មាំងចង្រៃពូជសាមាន្យ នាំសិរីថ្កើងថ្កានជូនប្រជាជន។
~វីរកម្ពុជបុត្រ ​ មោះមុតក្នុងសង្រ្គាម ប្តេជ្ញាសងឈាមនឹងខ្មាំងសត្រូវ
ទង់ជ័យប្រាសាទ ពណ៌ឈាមខ្ពស់សន្ធៅ នាំជាតិទៅសាងសុខក្សេមក្សាន្ត។








%d bloggers like this: